នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមិថុនា) បានស្នើឱ្យតុលាការ ពន្យារពេលការផ្តល់សក្ខីកម្មរបស់លោក នៅក្នុងការជម្រះក្តីអំពើពុករលួយជាយូររបស់លោក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអំពាវនាវឱ្យលុបចោលសំណុំរឿងទាំងស្រុង។

ចំណាត់ការរបស់លោក Trump ក្នុងការគាំទ្រលោក Netanyahu ជុំវិញករណីនេះ បានធ្វើឲ្យមានការរិះគន់ពីអ្នកនយោបាយអ៊ីស្រាអែលមួយចំនួន រួមទាំងសមាជិកនៃក្រុមចម្រុះផ្ទាល់របស់មេដឹកនាំអ៊ីស្រាអែល និងមេដឹកនាំគណបក្សប្រឆាំង។ វាបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី លោក Trump និង លោក Netanyahu បានប្រកាសជ័យជម្នះលើអ៊ីរ៉ង់នៅក្នុងជម្លោះរយៈពេល១២ថ្ងៃ ដែលបានមើលឃើញអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ ហើយយន្តហោះរបស់អាមេរិក បានទម្លាក់មីស៊ីលដ៏មានឥទ្ធិពលលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

នៅក្នុងឯកសារមួយទៅកាន់តុលាការ មេធាវីរបស់លោក Netanyahu លោក Amit Hadad បាននិយាយថា សក្ខីកម្មរបស់លោកនាយករដ្ឋមន្ត្រី គួរតែត្រូវបានពន្យារពេល ដោយសារ «ការវិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក»។ ឯកសារនេះបាននិយាយថា «តុលាការត្រូវបានស្នើសុំដោយគោរពដើម្បីបង្គាប់ឱ្យលុបចោលសវនាការដែលនាយករដ្ឋមន្ត្រីគ្រោងនឹងផ្តល់សក្ខីកម្មក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ»។
ឯកសារនិយាយថា លោក Netanyahu «ត្រូវបង្ខំលះបង់ពេលវេលា និងថាមពលទាំងអស់របស់លោកដើម្បីគ្រប់គ្រងបញ្ហាជាតិ ការទូត និងសន្តិសុខ ដែលមានសារៈសំខាន់បំផុត» បន្ទាប់ពីមានជម្លោះជាមួយអ៊ីរ៉ង់ និងក្នុងអំឡុងពេលការប្រយុទ្ធដែលនៅបន្តក្នុងតំបន់ហ្កាហ្សា ជាទីដែលចំណាប់ថ្នូរអ៊ីស្រាអែលត្រូវបានឃុំខ្លួន។ នៅក្នុងសារមួយនៅលើវេទិកាសង្គម Truth Social លោក Trump បាននិយាយថា ការជម្រះក្តីលោក Netanyahu «គួរតែត្រូវបានលុបចោលភ្លាមៗ ឬផ្តល់ការលើកលែងទោសដល់វីរបុរសដ៏អស្ចារ្យ» បន្ទាប់ពីបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់។