ថ្នាក់ដឹកនាំមន្ទីរបញ្ចកោណ អះអាងជ័យជម្នះនៅក្នុងបេសកកម្មយោធានៅអ៊ីរ៉ង់ ដោយបានដាក់ចេញនូវសេចក្ដីលម្អិតថ្មីអំពីយុទ្ធសាស្ត្រយោធា និងគ្រឿងផ្ទុះ ដើម្បីពង្រឹងអំណះអំណាងរបស់ពួកគេថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក ពិតជាបានបំផ្លាញទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ ប៉ុន្តែភាពមិនច្បាស់លាស់នៅតែមានទៅលើថា តើការទម្លាក់គ្រាប់បែកនោះបានរុញកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់ ឱ្យដើរថយក្រោយបានឆ្ងាយប៉ុណ្ណា។

យោធាអាមេរិកក៏បានចែករំលែកវីដេអូមួយនៅឯសន្និសីទព័ត៌មានរបស់មន្ទីរបញ្ចកោណនៅថ្ងៃព្រហស្បតិ៍ ដែលបង្ហាញពីកម្លាំងដ៏មហិមារបស់គ្រាប់បែកឃួងបំផ្ទុះគោលដៅក្រោមដី ដែលដូចទៅនឹងគ្រាប់បែកប្រើលើទីតាំងនុយក្លែអ៊ែរអ៊ីរ៉ង់។ វីដេអូនោះហាក់បង្ហាញពីការសាកល្បងដំណើរការគ្រាប់បែកដែលជាអាវុធយុទ្ធភណ្ឌដ៏ធំសម្បើមប្រភេទ GBU-57A/B ដោយទម្លាក់ទៅចំគោលដៅ រួចឃួងទៅក្រោមរួងភ្នំដើម្បីបំផ្ទុះទីតាំងកប់ជ្រៅ ដោយបន្សល់ស្លាកស្នាមខូចខាតតិចតួចប៉ុណ្ណោះនៅខាងលើដី។
នៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយរបស់មន្ទីរបញ្ចកោណ រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth និងឧត្តមសេនីយ Dan Caine ប្រធាននាយសេនាធិការចម្រុះ បានជជែកវេកញែកអំពីថា តើគោលដៅនុយក្លេអ៊ែរត្រូវបាន "លុបចោល" ដូចដែលលោកប្រធានាធិបតី Donald Trump បាននិយាយដែរឬទេ ខណៈមេដឹកនាំទាំងពីរបានលាតត្រដាងវីរភាពនៃការវាយប្រហារព្រមទាំងការស្រាវជ្រាវ និងការរៀបចំយ៉ាងទូលំទូលាយ ដែលបានឈានដល់ការអនុវត្តប្រតិបត្តិកានោះ។
លោក Hegseth បាននិយាយប្រាប់អ្នកយកព័ត៌មានថា "ចង់ហៅលទ្ធផលនោះថាបំផ្លាញ ផ្ដួល ឬកម្ទេចចោល ឬយ៉ាងណាក៏បានដែរ តែជារួមនោះគឺជាការវាយប្រហារដ៏ជោគជ័យជាប្រវត្តិសាស្ត្រ"៕


