ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានដោះដូរក្រុមថ្មីនៃទាហានដែលត្រូវបានចាប់ខ្លួន ជាការដោះដូរឈ្លើយសឹកចុងក្រោយដែលបានព្រមព្រៀងគ្នាក្នុងអំឡុងពេលកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីដើមខែនេះ។ ភាគីទាំងពីរពុំបានបង្ហាញពីចំនួនអ្នកដែលត្រូវបានដោះលែងនៅក្នុងការដោះដូរចុងក្រោយនេះទេ។

ប្រទេសទាំងពីរ បានសន្យាដោះដូរទាហានយ៉ាងហោចណាស់១.០០០នាក់ ក្នុងអំឡុងពេលកិច្ចប្រជុំផ្ទាល់ក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី ២ ខែមិថុនា។ ការវិលត្រឡប់របស់ឈ្លើយសឹកសង្រ្គាម និងការបញ្ជូនត្រឡប់នៃអ្នកស្លាប់ដោយសារសង្រ្គាម ស្ថិតក្នុងចំណោមផ្នែកមួយចំនួននៃកិច្ចសហប្រតិបត្តិការរវាងភាគីសង្រ្គាមទាំងពីរ ចាប់តាំងពីទីក្រុងមូស្គូបានវាយលុកអ៊ុយក្រែនក្នុងឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «ថ្ងៃនេះ អ្នកចម្បាំងនៃកងកម្លាំងប្រដាប់អាវុធ ឆ្មាំជាតិ និងអង្គភាពសេវាឆ្មាំព្រំដែនរដ្ឋ បានត្រឡប់មកប្រទេសវិញ។ លោកបានចែករំលែករូបភាពទាហានអ៊ុយក្រែន ដណ្តប់ទង់ជាតិពណ៌ខៀវ និងពណ៌លឿង ញញឹម និងឱបគ្នាដោយទឹកភ្នែក។
ក្រុមសារព័ត៌មាន AFP នៅតំបន់ Chernigiv ភាគខាងជើងប្រទេសអ៊ុយក្រែនបានឃើញសាច់ញាតិជាច្រើនកំពុងរង់ចាំការវិលត្រឡប់មកវិញរបស់ឈ្លើយសឹក ដោយអ្នកខ្លះកាន់ផ្ទាំងរូបភាពទាហានបាត់ខ្លួន ឬទាហានដែលត្រូវបានចាប់ខ្លួន។
ភាគច្រើននៃអ្នកដែលត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានឃុំខ្លួនជាឈ្លើយសឹករយៈពេលជាង៣ឆ្នាំមកហើយ នេះបើយោងតាមទីស្នាក់ការសម្របសម្រួលរបស់ប្រទេសអ៊ុយក្រែនសម្រាប់ការព្យាបាលឈ្លើយសឹកសង្គ្រាម។