
ភ្នំពេញ៖ ក្រៅពីផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៣ ថ្ងៃបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា តាមរយៈនយោបាយឈ្នះ ឈ្នះ ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរនៅក្នុងហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយចោទជាសំណួរថា ខណៈនេះ តើមានប្រទេសប៉ុន្មាននៅលើពិភពលោកដែលកំពុងតែបន្តមានសង្រ្គាមរុំារៃនៅក្នុងប្រទេស? តើឥទ្ធិពលនៃសង្គ្រាមបានបន្សល់ទុកនូវក្តីវិនាស អន្តរាយ និងការឈឺចាប់ដ៏សែនខ្លោចផ្សាយ៉ាងណាខ្លះដល់ប្រទេសជាតិ និងប្រជាជន?
កម្ពុជាដែលធ្លាប់តែត្រូវបានបែងចែក ធ្លាប់ស្ថិតក្នុងភ្លើងសង្គ្រាម បានក្លាយជាប្រទេសតែមួយ ដែលមានរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់នៃព្រះមហាក្សត្រ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ និងរដ្ឋបាលដែនដីតែមួយ។ ក្រោមការអនុវត្ត «នយោបាយ ឈ្នះ-ឈ្នះ» កម្ពុជាទទួលបានសុខសន្តិភាព ការឯកភាពទឹកដី ការបញ្ចប់ជម្លោះប្រដាប់អាវុធ និងការបង្រួមបង្រួមជាតិពិតប្រាកដជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរយៈពេលរាប់រយឆ្នាំចុងក្រោយ។
ក្រឡេកមកមើលកម្ពុជា ២៣ឆ្នាំចុងក្រោយ ប្រទេសដ៏កម្សត់មួយនេះបានកំពុងប្រែក្លាយខ្លួនជាកូននាគប្រចាំទ្វីបអាស៊ី តាមរយៈកំណើនសេដ្ឋកិច្ចដែលគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់ ហើយកម្ពុជាបានក្លាយជាគោលដៅទេសចរអន្តរជាតិប្រកបដោយសក្តានុពលដែលទាក់ទាញទេសចរ និងមានកំណើនរាប់លាននាក់ពីមួយឆ្នាំទៅមួយឆ្នាំ។ សន្តិភាព និងការឯកភាពជាតិ បានធ្វើឱ្យកម្ពុជាបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសលើពិភពលោក ហើយមានស្ថានតំណាងនៅបរទេសជាច្រើនដែលកំពុងបន្តពង្រីកបន្ថែមជាបន្តបន្ទាប់។ ជាងនេះទៅទៀតកម្ពុជាកំពុងបំពេញតួនាទីធំៗ ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងចូលរួមដោះស្រាយកិច្ចការអន្តរជាតិ ពោលគឺកម្ពុជាមិនត្រឹមតែឈរក្នុងលំដាប់ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិតែប៉ុណ្ណោះទេ តែកម្ពុជាក៏បានបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងការធ្វើជាប្រធាននៃកិច្ចប្រជុំអន្តរជាតិធំៗជាច្រើន។ មោទកភាពទាំងឡាយដែលបានរៀបរាប់នេះ មិនទាន់រាប់ប ញ្ចូលនូវភាពជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពិភពលោកនៅតែកំពុងបន្តការព្រួយបារម្ភនៅឡើយនោះទេ។
អត្ថន័យនៃនយោបាយឈ្នះ ឈ្នះ មានតម្លៃខ្ពស់ និងជាកេរដំណែលប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់ ដើម្បីប្រកាន់ខ្ជាប់នូវមោទកភាពជាតិ វីរភាពជាតិ ការលះបង់ ការលើកកម្ពស់ ទស្ស នឯកភាពជាតិ ក៏ដូចជាបានផ្តល់ឱកាសឱ្យកម្ពុជាកសាងបាននូវមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។
តឹកតាងប្រវត្តិសាស្ត្រ និងដំណើរវិវឌ្ឍន៍របស់កម្ពុជាទាំងអស់នេះ មិនត្រឹមតែជាមេរៀនដើម្បីចែករំលែកជូនបណ្តាប្រទេសនានាសិក្សាជាបទពិសោធន៍តែប៉ុណ្ណោះទេ តែបានបង្រៀនដល់កូនខ្មែរគ្រប់ជំនាន់ក្នុ ងបេសកកម្មថែរក្សាឱ្យខាងតែបាននូវកត្តាសុខសន្តិភាព ការប្រឆាំងបដិវត្តន៍ពណ៌ និងការរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ច សេចក្តីសុខសប្បាយ សុខុមាលភាព ជូនជាតិ និងប្រជាជន ហើយបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជឿជាក់លើកម្ពុជា និងជឿថា ខ្មែរធ្វើបាន៕ ដោយ៖ គង់ ឌិន







