លោកប្រធានាធិបតី Donald Trump បានបង្កើនសមរភូមិវោហាសាស្ត្ររបស់លោក ជុំវិញការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ ដោយមេធាវីម្នាក់បានផ្ញើលិខិតផ្លូវច្បាប់ទៅកាន់សារព័ត៌មាន CNN និង The New York Times ទាមទារឱ្យដករបាយការណ៍ ដែលផ្សាយពីចារកម្មបឋមលើការខូចខាតរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។

នៅល្ងាចថ្ងៃព្រហស្បតិ៍ (២៦ មិថុនា) អ្នកនាំពាក្យ CNN បានបញ្ជាក់ថា បណ្តាញផ្សព្វផ្សាយនេះបានឆ្លើយតបទៅនឹងលិខិតនោះថា ខ្លួនបដិសេធការអះអាងក្នុងលិខិតនោះ។ កាសែត New York Times បានផ្សព្វផ្សាយជាសាធារណៈនូវការឆ្លើយតបរបស់ខ្លួន ដែលបាននិយាយមួយផ្នែកថា "មិនត្រូវការដកចេញទេ ហើយក៏ពុំមានការសូមអភ័យទោសណាមួយនឹងកើតឡើងដែរ។ New York Times បានប្រាប់ការពិតឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ហើយក៏នឹងបន្តធ្វើដូច្នេះរហូតទៅ"។
លិខិតផ្លូវច្បាប់ក្នុងសប្តាហ៍នេះពីលោក Alejandro Brito មេធាវីផ្ទាល់ខ្លួនរបស់លោក Trump បានចោទប្រកាន់ថា រឿងចុះផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា ដោយ CNN និង New York Times គឺមិនពិតទេ និងបានបង្ខូចកេរ្តិ៍ឈ្មោះ។ ព័ត៌មានទាំងនោះបានពិពណ៌នាអំពីការវាយតម្លៃបឋមនៃចារកម្មសម្ងាត់របស់សហរដ្ឋអាមេរិក អំពីការវាយប្រហារដែលបរាជ័យមិនបានបំផ្លាញសមត្ថភាពស្នូលនុយក្លេអ៊ែរ ដោយផ្ទុយនឹងការទទូចរបស់លោក Trump ដែលថារោងចក្រចម្រាញ់នុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបាន "បំផ្លាញចោលខ្ទេចខ្ទី និងទាំងស្រុង"។
ក្រុមមន្ត្រីរដ្ឋបាលបានបញ្ជាក់ពីអត្ថិភាពរបស់ដំណឹងចារកម្មនោះ ប៉ុន្តែបានអះអាងថា ការវាយតម្លៃនេះមានទំនុកចិត្តទាបណាស់ ហើយអះអាងថា ចារកម្មត្រូវបានបែកធ្លាយដើម្បីបង្ខូចឈ្មោះលោកប្រធានាធិបតី Trump។ មន្ត្រីជាច្រើនបានប្តេជ្ញាថានឹងស៊ើបអង្កេតលើការលេចធ្លាយ ហើយលោក Trump បាននិយាយថា អ្នកធ្វើឱ្យលេចធ្លាយចារកម្មនេះ "គួរតែត្រូវកាត់ទោស"។
គួរឱ្យដឹងថា លោក Trump មានប្រវត្តិវិវាទដ៏យូរលង់នៅក្នុងអាជីពជំនួញរបស់លោក ហើយថែមទាំងមានប្រវត្តិយូរជាងនេះទៅទៀតនៃការគម្រាមប្តឹងផ្ដល់ ប៉ុន្តែមិនបានធ្វើពិតមែននោះទេ៕

