នៅតាមដងផ្លូវឆ្ពោះទៅទីក្រុងតេអេរ៉ង់ កំពុងមមាញឹកជាថ្មីម្តងទៀតពោរពេញទៅដោយរថយន្តដឹកក្រុមគ្រួសារអ៊ីរ៉ង់ របស់របរ និងភាពមិនច្បាស់លាស់នៃអនាគតថា ទីបំផុតពួកគេប្រហែលជាអាចត្រឡប់ទៅវិញដោយសុវត្ថិភាព។ បន្ទាប់ពីសង្រ្គាមរយៈពេល ១២ថ្ងៃ ដែលបានសម្លាប់ជនជាតិអ៊ីរ៉ង់ជាង ៦០០នាក់ និងបានជម្លៀសមនុស្សរាប់សែននាក់ចេញពីរដ្ឋធានី បទឈប់បាញ់មួយដែលប្រកាសកាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានចាប់ផ្តើមទាក់ទាញអ្នកស្រុកអ៊ីរ៉ង់ ឱ្យត្រឡប់ទៅទីក្រុងតេអេរ៉ង់វិញ ដែលនៅតែមានស្លាកស្នាមដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

សម្រាប់មនុស្សជាច្រើនដែលត្រឡប់ទៅរដ្ឋធានីវិញ ភាពធូរស្រាលនៃសម្រាកនៅផ្ទះយ៉ាងស្ងប់សុខត្រូវបានរំខានដោយការភ័យខ្លាចឥតឈប់ឈរថាការទម្លាក់គ្រាប់បែកអាចបន្តឡើងវិញគ្រប់ពេល។ ជម្លោះដែលប៉ះពាល់មនុស្សរាប់លាននាក់នោះ បានចាប់ផ្តើមនៅព្រឹកព្រលឹមថ្ងៃទី១៣ មិថុនា នៅពេលយន្តហោះចម្បាំងអ៊ីស្រាអែលវាយប្រហារមុនលើរដ្ឋធានីតេអេរ៉ង់។
នៅពេលយុទ្ធនាការយោធារបស់អ៊ីស្រាអែលលើតំបន់លំនៅដ្ឋានកាន់តែខ្លាំងក្លាឡើង និងការព្រមានពីមន្ត្រីអាមេរិក និងអ៊ីស្រាអែលឱ្យជម្លៀសខ្លួនចេញពីទីក្រុងតេអេរ៉ង់ អ្នកស្រុកជាច្រើនដែលយភ័យខ្លាចដល់អាយុជីវិតរបស់ពួកគេ ត្រូវបង្ខំភៀសខ្លួនចេញពីនោះដើម្បីសុវត្ថិភាព ទៅទីក្រុង និងកន្លែងផ្សេងទៀត។ ឥឡូវនេះ ចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាសមក មនុស្សជាច្រើនដែលបានបោះបង់ចោលទីក្រុងតេអេរ៉ង់ បានចាប់ផ្តើមធ្វើដំណើរត្រឡប់ទៅវិញ។
អ្នកស្រុកអ៊ីរ៉ង់ ដែលកំពុងសម្រុកទៅលំនៅឋានវិញ បានសម្ដែងភាពរីករាយថា "ការត្រលប់មកផ្ទះវិញបន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ មានអារម្មណ៍ថាដូចជាឋានសួគ៌" ប៉ុន្តែមនុស្សជាច្រើននៅតែព្រួយចិត្តមិនដឹងថាបទឈប់បាញ់នេះឈរជាធរមានបានយូរប៉ុណ្ណានោះទេ៕

