ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ក្រសួងរតនាគារសហរដ្ឋអាមេរិក ពុំបានផ្តល់ភស្តុតាងណាមួយអំពីការលាងលុយ បន្ទាប់ពីចំណាត់ការដើម្បីដាក់បម្រាមប្រតិបត្តិការជាក់លាក់លើស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកចំនួនបី។

លោកស្រី Sheinbaum បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «គ្មានភស្តុតាងទេ»។ «គោលជំហររបស់យើង គឺយើងនឹងបន្តសហការ និងសម្របសម្រួល»។

ប៉ុន្តែអាជ្ញាធរម៉ិកស៊ិក បាននិយាយនៅពេលក្រោយមកថា គណៈកម្មការធនាគារជាតិនិងមូលបត្ររបស់ប្រទេសម៉ិកស៊ិក បានធ្វើអន្តរាគមន៍បណ្តោះអាសន្នក្នុងការគ្រប់គ្រងគ្រឹះស្ថាន CIBanco និងគ្រឹះស្ថាន Intercam Banco ។
យោងតាមសេចក្តីថ្លែងការណ៍រួមពីគណៈកម្មការ ក្រសួងហិរញ្ញវត្ថុ ធនាគារម៉ិកស៊ិក និងវិទ្យាស្ថានការពារប្រាក់សន្សំធនាគារនៅប្រទេសម៉ិកស៊ិក ការអន្តរាគមន៍ជំនួសស្ថាប័នរដ្ឋបាលរបស់ធនាគារគឺក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារផលប្រយោជន៍របស់អ្នកដាក់ប្រាក់បញ្ញើ និងម្ចាស់ឥណទាន។