ប្រទេសចិន នឹងហាមឃាត់ឧបករណ៍សាកថ្មចល័ត ឬហៅថា Power Bank ដែលមិនមានការបញ្ជាក់ ជើងហោះហើរក្នុងស្រុកទាំងអស់ ដែលចាប់ផ្តើមពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ស្អែកនេះ ខណៈអាជ្ញាធរអាកាសចរណ៍បានរឹតបន្តឹងច្បាប់សុវត្ថិភាព បន្ទាប់ពីឧប្បត្តិហេតុអគ្គិភ័យជាច្រើនលើយន្តហោះទាក់ទងនឹងឧបករណ៍សាកថ្មបែបនេះ។

រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) បាននិយាយក្នុងសេចក្តីជូនដំណឹងមួយកាលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា អ្នកដំណើរនឹងមិនអនុញ្ញាតឱ្យយក Power Bank ដែលខ្វះសញ្ញាបញ្ជាក់ផ្លូវការរបស់ចិន ឬអក្សរកាត់ថា CCC នោះទេ។ និយតករអាកាសចរណ៍បន្ថែមថា Power Bank ដែលមានស្លាក CCC រលុប ឬមិនស្របច្បាប់ ឬជាផ្នែកមួយនៃការប្រមូលផលិតផលទៅវិញ ក៏នឹងត្រូវហាមប្រាមផងដែរ។
សេចក្តីជូនដំណឹងលើកពីឧប្បត្តិហេតុនាថ្មីៗនេះនៃការផ្ទុះឆេះ Power Bank ឬហុយផ្សែងពាក់កណ្តាលអាកាស រួមជាមួយនឹងការប្រមូលផលិតផលជាច្រើនដែលពាក់ព័ន្ធនឹងម៉ាកយីហោធំៗ។ នៅក្រោមច្បាប់ថ្មី ឧបករណ៍សាកចល័តរបស់អ្នកដំណើរដែលមិនមានការបញ្ជាក់ CCC ត្រឹមត្រូវ នឹងប្រឈមការរឹបអូសនៅទីតាំងសន្តិសុខ ឬត្រូវបដិសេធមិនឱ្យឡើងជិះយន្តហោះ។
ក្រុមហ៊ុនអាកាសចរណ៍ និងភ្នាក់ងាររបស់ពួកគេ ត្រូវបានណែនាំឱ្យបង្កើនយុទ្ធនាការយល់ដឹងពីហានិភ័យអគ្គិភ័យ ដែលទាក់ទងនឹង Power bank ខណៈព្រលានយន្តហោះតម្រូវឱ្យរឹតបន្តឹងការត្រួតពិនិត្យ។ ទិន្នន័យពីរដ្ឋបាលអាកាសចរណ៍ចិនបង្ហាញថា មនុស្សចំនួន ៧៣០លាននាក់ ដ៏កំណត់ត្រាបានហោះហើរក្នុងស្រុកនៅប្រទេសចិន ក្នុងឆ្នាំ២០២៤៕

