ក្រសួងការពារជាតិចិន បានព្រមានថា ហ្វីលីពីន កំពុងតែ "បំផ្លិចបំផ្លាញខ្លួនឯង" ដោយបន្តទុកប្រព័ន្ធមីស៊ីលរបស់សហរដ្ឋអាមេរិក និងបានរិះគន់ផែនការរបស់ទីក្រុងម៉ានីល ក្នុងការលើកទឹកចិត្តអ្នកនេសាទឱ្យធ្វើប្រតិបត្តិការនៅក្នុងដែនទឹកសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សហរដ្ឋអាមេរិក បានសម្រេចចិត្តដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon យុទ្ធសាស្ត្របន្ថែមនៅហ្វីលីពីន បន្ទាប់ពីដឹកជញ្ជូនមីស៊ីលរយៈចម្ងាយមធ្យមននោះទៅកាន់តំបន់ Luzon កាលពីឆ្នាំមុន។ យោធាហ្វីលីពីននិយាយថា មីស៊ីលប្រឆាំងនាវារបស់កងទ័ពជើងទឹក និងដែនសមុទ្រ ហៅកាត់ថាប្រព័ន្ធ NMESIS ដែលប្រើក្នុងសមយុទ្ធរួម បាលីកាតាន់ (Balikatan) កាលពីខែមុន ក៏នឹងនៅតែបន្តធ្វើជា “ការរារាំងប្រឆាំងនឹងការបង្ខិតបង្ខំ” ផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បាននិយាយនៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ (២៦ មិថុនា) ថា សកម្មភាពរបស់ទីក្រុងម៉ានីល ក្នុងការដាក់ឱ្យប្រើប្រាស់សព្វាវុធយុទ្ធសាស្ត្រទាំងនេះគឺ "ចងខ្លួនឯងទៅនឹងម៉ាស៊ីនសង្រ្គាមរបស់សហរដ្ឋអាមេរិក" ដែលនឹងធ្វើឱ្យខូចសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងបំផ្លាញផលប្រយោជន៍រួមរបស់បណ្ដាប្រទេសក្នុងតំបន់។
អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា "ការអញ្ជើញសត្វចចកចូលក្នុងផ្ទះនឹងដុតសម្លាប់ខ្លួនឯងវិញ ដែលនាំទៅដល់ការបំផ្លិចបំផ្លាញខ្លួន និងបំផ្លាញផ្ទះរបស់ពួកគេប៉ុណ្ណោះ"៕

