អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ មិថុនា) ថា ការឃុបឃិតយោធារបស់អាមេរិក ជាមួយតំបន់តៃវ៉ាន់ របស់ចិន — មិនថាតាមរយៈជំនួយយោធា ការលក់សព្វាវុធ ឬក្រោមលេសណាមួយក៏ដោយ — គឺជាការប៉ុនប៉ងអូសទាញកោះតៃវ៉ាន់ ឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងធ្វើបាបកោះរបស់ចិនមួយនេះ។

យោងតាមសេចក្តីរាយការណ៍ ភាគីអាមេរិកនាពេលថ្មីៗនេះ បានអញ្ជើញតំណាងយោធារបស់កោះតៃវ៉ាន់ ឱ្យចូលសង្កេតការណ៍សមយុទ្ធដែនអាកាសរួមគ្នា ដែលមានការចូលរួមពីអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ទន្ទឹមនឹងនេះ គណៈកម្មាធិការសភាអាមេរិកស្តីពីការបែងចែកថវិកា ក៏អនុម័តច្បាប់ថវិកាការពារឆ្នាំសារពើពន្ធ២០២៦ ដែលរួមបញ្ចូលថវិកា ៥០០លានដុល្លារ សម្រាប់ជំនួយយោធាដល់តៃវ៉ាន់។
ជាការឆ្លើយតបនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំឡុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Zhang អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា ចិន ប្រឆាំងជាដាច់ខាតរាល់ទម្រង់នៃការឃុបឃិតផ្នែកយោធារវាងអាមេរិក និងតំបន់តៃវ៉ាន់ របស់ចិន។
លោក Zhang បន្តថា "ទីក្រុងប៉េកាំងជំរុញឱ្យភាគីអាមេរិក គោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបី ចិន-អាមេរិក ហើយបញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងផ្ដាច់ខ្លួន "ឯករាជ្យតៃវ៉ាន់"។ អ្នកនាំពាក្យរូបនេះក៏ព្រមានដល់អាជ្ញាធរតៃវ៉ាន់ថា "ការស្វែងរកការគាំទ្រពីអាមេរិកសម្រាប់ឯករាជ្យភាព" នឹងត្រូវបរាជ័យទាំងស្រុង ហើយ "ការតតាំងនឹងការបង្រួបបង្រួមដោយកម្លាំង" គឺជាទីបញ្ចប់របស់ពួកគេ៕

