សមាជិកសភាកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ មិថុនា) សម្អាងដល់ទីភ្នាក់ងារចារកម្មថា កូរ៉េខាងជើង គ្រោងនឹងបញ្ជូនទាហានកាន់តែច្រើនបន្ថែមទៀតទៅរុស្ស៊ី ដើម្បីជួយក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន នៅដើមខែកក្កដានេះ។

សមាជិកសភា លោក Lee Seong-kweun បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីមានសេចក្តីសង្ខេបពីចារកម្មសម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) ថា "កូរ៉េខាងជើង កំពុងបន្តបញ្ជូនកងទ័ព និងផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៊ី ហើយទីក្រុងសេអ៊ូលមើលឃើញថា ការគាំទ្ររបស់ទីក្រុងព្យុងយ៉ាង បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូ ក្នុងការវាយដណ្តើមយកតំបន់ Kursk មកវិញ"។
លោក Lee បានបន្ថែមថា "បន្ទាប់ពីការបញ្ជូនបុគ្គលិក ១១.០០០នាក់ នៅខែតុលា ឆ្នាំមុន ពេលនេះរុស្ស៊ីបានប្រកាសរួចហើយនូវការដាក់ពង្រាយកងទ័ពលើកទីពីរចំនួន ៤.០០០នាក់ និងកងទ័ពសាងសង់ចំនួន ៦.០០០នាក់បន្ថែមទៀតដើម្បីជួយក្នុងការកសាង Kursk ឡើងវិញ"។
សេចក្តីប្រកាសនេះធ្វើឡើងមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងថា កូរ៉េខាងជើងនឹងបញ្ជូនវិស្វករយោធា និងកងទ័ពសាងសង់ដើម្បីទៅជួយកសាងតំបន់ Kursk ឡើងវិញ។
NIS ជឿថាការដាក់ពង្រាយបន្ថែមនោះអាចប្រព្រឹត្តទៅនៅដើមខែកក្កដា ឬនៅខែសីហា ដោយចង្អុលទៅលើគំរូដូចជាដំណើរទស្សនកិច្ចរបស់លោក Shoigu ប្រហែលមួយខែមុនពេលការដាក់ពង្រាយលើកមុន ក៏ដូចជារបាយការណ៍ថ្មីៗដែលថា កូរ៉េខាងជើង ចាប់ផ្តើមជ្រើសរើសបុគ្គលិកបញ្ជូនទៅរុស្ស៊ី៕

