មេដឹកនាំក្រុមហ៊ួទីនៅប្រទេសយេម៉ែនលោក Abdul-Malik al-Houthi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់លោក បានបាញ់មីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេងចំនួន ៣០៩គ្រាប់ និងយានដ្រូនជាច្រើនគ្រឿង ទៅលើអ៊ីស្រាអែល ចាប់តាំងពីពាក់កណ្តាលខែមីនា ជាផ្នែកមួយនៃអ្វីដែលក្រុមនេះហៅថា ជាដំណាក់កាលទី២ នៃយុទ្ធនាការយោធារបស់ខ្លួន។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលប្រារព្ធថ្ងៃចូលឆ្នាំឥស្លាម ដែលផ្សាយដោយទូរទស្សន៍ Al-Masirah TV របស់ក្រុមហ៊ួទី លោក al-Houthi បាននិយាយថា មីស៊ីលចំនួន ២៥គ្រឿង និងយានដ្រូន ត្រូវបានបាញ់ តែក្នុងរយៈពេលមួយខែប៉ុណ្ណោះ ជាអ្វីដែលលោកបានពិពណ៌នាថា ជា «ប្រតិបត្តិការយោធាប្រកបដោយគុណភាព ដើម្បីគាំទ្រដល់តំបន់ហ្កាហ្សា»។

លោកបានបញ្ជាក់ជាថ្មីថា សមុទ្រក្រហម នៅតែបិទចំពោះចរាចរណ៍ដែនសមុទ្រដែលមានទំនាក់ទំនង ជាមួយអ៊ីស្រាអែល ហើយបានចោទប្រកាន់ប្រទេសនេះថា បានបន្តការវាយលុករបស់ខ្លួន នៅតំបន់ហ្កា ហ្សា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។
លោក Al-Houthi ក៏បានអំពាវនាវឲ្យមានការជួបជុំទ្រង់ទ្រាយធំ នៅថ្ងៃសុក្រនេះ នៅក្នុងទីក្រុង Sanaa និងតំបន់ផ្សេងទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ួទី ដើម្បីបង្ហាញពីសាមគ្គីភាព ជាមួយប្រជាជនប៉ាឡេស្ទីន និងដើម្បីអបអរសាទរអ៊ីរ៉ង់ចំពោះអ្វីដែលលោកបានពិពណ៌នាថា ជា«ជ័យជម្នះដ៏ អស្ចារ្យ និងស្ថិរភាព»។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលដែលមានការទទួលស្គាល់ដោយអន្តរជាតិរបស់ប្រទេសយេម៉ែន បានចោទប្រកាន់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC)ថា បានគ្រប់គ្រងដោយផ្ទាល់នូវប្រព័ន្ធមីស៊ីល ដែលប្រើប្រាស់ដោយកងកម្លាំងហ៊ួទី។
