នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយកាលពីព្រហស្បតិ៍ថា យុទ្ធនាការយោធានាពេលថ្មីៗនេះ របស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានបង្កើត «ឱកាស» ដើម្បីពង្រីកកិច្ចព្រមព្រៀងប្រក្រតីភាពទំនាក់ទំនងក្នុងតំបន់ រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីបទឈប់បាញ់ដ៏ផុយស្រួយ បានចូលជាធរមាន។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើង ស្របពេលមានរបាយការណ៍ដែលមិនបានបញ្ជាក់ដោយទូរទស្សន៍ Kan TV របស់រដ្ឋរបស់អ៊ីស្រាអែលដែលថា មន្ត្រីអ៊ីស្រាអែល និងស៊ីរី បានជួបពិភាក្សាដោយប្រយោល តាមរយៈអ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក ទៅលើលទ្ធភាពកិច្ចព្រមព្រៀងប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រទេសជិតខាងទាំងពីរ បានធ្លាក់ក្នុងស្ថានភាពសង្គ្រាមជាផ្លូវការ តាំងពីឆ្នាំ ១៩៤៨។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ លោក ណេតាន់យ៉ាហ៊ូ បានរំលឹកឡើងវិញថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ រួមទាំងគោលដៅដែលភ្ជាប់ទៅនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហេដ្ឋារចនាសម្ព័ន្ធមីស៊ីល និងស្ថាប័នរដ្ឋាភិបាល គឺជាអ្វីដែលលោកហៅថា ជា«ជ័យជម្នះដ៏អស្ចារ្យ»។
លោកបាននិយាយថា ចំណាត់ការនេះ «បើកឱកាសមួយសម្រាប់ការពង្រីកគួរឲ្យកត់សម្គាល់នូវកិច្ចព្រមព្រៀងសន្តិភាព» ដោយបន្ថែមថា «យើងកំពុងធ្វើការលើបញ្ហានេះ យ៉ាងយកចិត្តទុកដាក់បំផុត»។
លោកបាននិយាយថា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាឲ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលដែលឃុំខ្លួននៅតំបន់ហ្កាហ្សា និងដើម្បីកម្ចាត់ក្រុមហាម៉ាស «មានឱកាសមួយដែលមិនត្រូវខកខានឡើយ។ យើងមិនត្រូវខ្ជះខ្ជាយពេលវេលា សូម្បីតែមួយថ្ងៃក៏ដោយ»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឲ្យដឹងថា លោក ណេតាន់យ៉ាហ៊ូ ត្រូវបានគេរាយការណ៍ថា គ្រោងនឹងធ្វើទស្សនកិច្ច នៅសេតវិមាន នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ការិយាល័យរបស់លោក មិនបានបញ្ជាក់ភ្លាមៗអំពីដំណើរទស្សនកិច្ចនេះទេ។
