ការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងក្រុមអ្នកតវ៉ា និងកងកម្លាំងសន្តិសុខ នៅក្នុងផ្នែកជាច្រើននៃរដ្ឋធានី Lomé របស់ប្រទេសតូហ្គោ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោកប្រធានាធិបតី Faure Gnassingbé កំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង ពីអ្នករិះគន់ជុំវិញការកែប្រែរដ្ឋធម្មនុញ្ញនាពេលថ្មីៗនេះ ដែលអាចឲ្យលោកកាន់អំណាច ដោយគ្មានពេលកំណត់។
វត្តមាននគរបាលដ៏ច្រើន អាចត្រូវបានគេមើលឃើញនៅទូទាំងរដ្ឋធានី ជាកន្លែងដែលអាជីវកម្មនានា នៅតែបិទ។ បាតុកររាប់រយនាក់ បានដំឡើងរបាំងបេតុង នៅក្នុងសង្កាត់មួយចំនួននៃទីក្រុង Lomé ដោយមានការដុតកង់រថយន្ត និងគប់វត្ថុផ្សេងៗ ទៅលើកងកម្លាំងសន្តិសុខ។

រថយន្តហ្ស៊ីបយោធាជាច្រើនគ្រឿង ត្រូវបានគេដាក់ពង្រាយ ជាកងកម្លាំងជំនួយ នៅក្នុងតំបន់មួយចំនួន។ នគរបាល បានបំបែកបាតុកររាប់សិបនាក់ ដោយឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួនមនុស្សប្រហែល ១០នាក់នៅក្នុងសង្កាត់ Bè ដែលជាទីតាំងរឹងមាំរបស់ក្រុមប្រឆាំង។
ក្រុមសង្គមស៊ីវិល និងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានអំពាវនាវឲ្យមានការតវ៉ា នៅថ្ងៃទី២៦, ២៧, និង ២៨ ខែមិថុនា បន្ទាប់ពីរដ្ឋាភិបាល បានរារាំងការតវ៉ា នៅដើមខែនេះ។
