អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden គ្រោងនឹងជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាលើកទី២ ក្នុងខែនេះក្នុងគោលបំណងបន្ធូបន្ថយភាពតានតឹងលើអ៊ុយក្រែន។ មេដឹកនាំទាំងពីរនឹងសន្ទនាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះ។ មន្ត្រីសេតវិមានបាននិយាយថា មេដឹកនាំមហាអំណាចទាំង២ នឹងពិភាក្សាអំពីកិច្ចពិភាក្សាសន្តិសុខនាពេលខាងមុខរវាងប្រទេសទាំង២ និងស្ថានការណ៍នៅអឺរ៉ុប។
រុស្ស៊ីដែលបានបង្កើតកម្លាំងនៅតាមព្រំដែនជាមួយអ៊ុយក្រែន បដិសេធផែនការឈ្លានពានប្រទេសនេះ។ ភាគីខាងរុស្ស៊ីនិយាយថា កងទ័ពរបស់ខ្លួននៅទីនោះសម្រាប់ធ្វើសមយុទ្ធតែប៉ុណ្ណោះ ហើយថា រុស្ស៊ីមានសិទ្ធិផ្លាស់ទីកងទ័ពរបស់ខ្លួនដោយសេរីនៅលើដីរបស់ខ្លួន។ សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកបានពិគ្រោះយោបល់ជាមួយបណ្ដាមេដឹកនាំអឺរ៉ុប មុនពេលការអំពាវនាវឱ្យសម្របសម្រួលការឆ្លើយតបជាទូទៅចំពោះបញ្ហានេះ។ ក្រុមមន្ត្រីសន្តិសុខអ៊ុយក្រែនបាននិយាយថា ទាហានរុស្ស៊ីជាង ១០០,០០០នាក់ត្រូវបានបញ្ជូនមកជិតព្រំដែនរុស្ស៊ី -អ៊ុយក្រែន ហើយសហរដ្ឋអាមេរិកបានគំរាមដាក់ទណ្ឌកម្មលើលោក Putin ដូចអ្វីដែលលោកមិនធ្លាប់បានឃើញ ប្រសិនបើអ៊ុយក្រែនទទួលរងការវាយប្រហារពីរុស្ស៊ីមែននោះ។ មន្ត្រីអាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោក Biden នឹងផ្តល់ជូនសមភាគីរុស្ស៊ីនូវ “មាគ៌ាការទូត” ប៉ុន្តែនៅតែមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ដោយសារតែការបង្កើនកងទ័ពរុស្ស៊ីនៅតាមព្រំដែន៕
អត្ថបទ៖ សុខមាន