រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា អាជ្ញាធរអ៊ីរ៉ង់ នឹងកែសម្រួលគោលនយោបាយការបរទេសរបស់ពួកគេ នាពេលអនាគត ដោយគិតគូរពីជំហររបស់ប្រទេសទាំងអស់ ក្នុងអំឡុងពេលជម្លោះរបស់ទីក្រុងតេអេរ៉ង់ ជាមួយអ៊ីស្រាអែល។
ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បាននិយាយនៅក្នុងការផ្សាយដោយទូរទស្សន៍ IRIBថា៖«ការទូតក្រោយសង្គ្រាម នឹងខុសគ្នាពីសម័យមុនសង្គ្រាម ហើយវិធីសាស្រ្តនៃទំនាក់ទំនង នឹងត្រូវបានកែសម្រួល ស្របតាមអាកប្បកិរិយារបស់ប្រទេសផ្សេងទៀត ក្នុងអំឡុងពេលមានវិបត្តិនេះ»។

នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ រយៈពេលតិចជាង ២៤ម៉ោងក្រោយមក អ៊ីរ៉ង់បានធ្វើការវាយប្រហារសងសឹក។ រយៈពេល ៩ថ្ងៃក្រោយមក គឺនៅព្រឹកថ្ងៃទី ២២ ខែមិថុនា យន្តហោះចម្បាំងអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី ដោយចូលទៅក្នុងជម្លោះនេះ។ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ទីក្រុងតេអេរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋាន Al Udeid ដែលជាមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ដែលមានទីតាំងនៅក្នុងប្រទេសកាតា។ បើតាមអាជ្ញាធរអាមេរិក មិនមានអ្នកស្លាប់ ឬខូចខាតអ្វីគួរឲ្យកត់សម្គាល់ទេ។
កាលពីថ្ងៃទី២៤ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និង អ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ទាំងស្រុង។ អាជ្ញាធរអ៊ីស្រាអែល បានបញ្ជាក់ថា ពួកគេបានទទួលយកសំណើរបស់អាមេរិក ហើយបានប្រកាសថា ពួកគេបានបញ្ចប់នូវគោលបំណងទាំងអស់ ក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់។ ផ្ទុយទៅវិញ ទីក្រុងតេអេរ៉ង់ បាននិយាយថា ខ្លួនបានទទួលជ័យជម្នះលើទីក្រុងតែលអាវីវ (Tel Aviv) ដោយបង្ខំឲ្យទីក្រុងនេះ បញ្ឈប់ការឈ្លានពានរបស់ខ្លួន ជាឯកតោភាគី។
