នាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសលីប៊ី គួរតែសហការជាមួយប្រទេសក្រិក និងអឺរ៉ុប ដើម្បីជួយបញ្ឈប់ការកើនឡើងនៃលំហូរជនអន្តោប្រវេសន៍ពីរដ្ឋអាហ្វ្រិកខាងជើង។
ការមកដល់តាមសមុទ្ររបស់ជនអន្តោប្រវេសន៍នៅអឺរ៉ុបពីភាគខាងជើងនៃទ្វីបអាហ្រ្វិក រួមទាំងស៊ូដង់ដែលហែកហួរដោយសង្រ្គាម និងមជ្ឈិមបូព៌ា បានកើនឡើង ក្នុងប៉ុន្មានខែថ្មីៗនេះ។
ប្រទេសក្រិក បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងដាក់ពង្រាយនាវាចម្បាំងពីរគ្រឿង និងនាវាមួយគ្រឿងទៀត នៅដែនទឹករបស់ប្រទេសលីប៊ី ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ពីការចូលទៅកាន់កោះភាគខាងត្បូងរបស់ខ្លួន គឺកោះ Crete និង Gavdos។

លោក Mitsotakis បាននិយាយនៅមុនកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ថា៖«ខ្ញុំនឹងជូនដំណឹងដល់សហការីរបស់ខ្ញុំអំពីការកើនឡើងគួរឲ្យកត់សម្គាល់នៃចំនួនប្រជាជនមកពីភាគខាងកើតប្រទេសលីប៊ី ហើយស្នើសុំការគាំទ្រពីគណៈកម្មការអឺរ៉ុប ដូច្នេះបញ្ហានេះអាចត្រូវបានដោះស្រាយភ្លាមៗ»។
លោក Mitsotakis បាននិយាយថា អាជ្ញាធរនៅក្នុងប្រទេសលីប៊ី គួរតែសហការជាមួយប្រទេសក្រិក ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍ដែលជិះទូកចេញពីទីនោះ ឬបង្វែរពួកគេត្រឡប់ទៅវិញ មុនពេលពួកគេចាកចេញពីដែនទឹកលីប៊ី។
