ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចអឺរ៉ុបអាស៊ីថា កិច្ចសន្ទនារបស់រុស្ស៊ីជាមួយធនាគារពិភពលោក និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ដែលផ្តោតលើលោកខាងលិច ឥឡូវនេះ មានភាពស្មុកស្មាញ ដោយសារតែភាពលម្អៀងរបស់ពួកគេ។

លោក ពូទីន បានថ្លែងថា៖«ប្រសិនបើនិយាយដោយផ្ទាល់អំពីប្រទេសរុស្ស៊ី ដោយសារកាលៈទេសៈដែលគេដឹងយ៉ាងច្បាស់នោះ ការសន្ទនារបស់យើងជាមួយធនាគារពិភពលោក និងស្ថាប័នហិរញ្ញវត្ថុដែល ផ្តោតលើលោកខាងលិចផ្សេងទៀត មានភាពស្មុកស្មាញ ក្នុងដំណាក់កាលនេះ។ ដូច្នេះ ហេតុផល គឺស្ថិតនៅក្នុងភាពលម្អៀងផ្នែកនយោបាយរបស់ពួកគេ»។
ប្រមុខរដ្ឋរូបនេះ បាននិយាយថា នាពេលបច្ចុប្បន្ននេះ ប្រទេសរុស្ស៊ីព្យាយាម ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើស្ថាប័នហិរញ្ញវត្ថុលោកខាងលិច និងកាត់បន្ថយការប្រើប្រាស់ឧបករណ៍ និងសេវាកម្មទូទាត់ប្រាក់បរទេស ជាអប្បបរមា។ ការផ្លាស់ប្តូរទៅកិច្ចសន្យាទំនាក់ទំនងផ្ទាល់ជាមួយធនាគាររបស់បណ្តាប្រទេសរបស់សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) ត្រូវបានអនុវត្ត។
