មន្ត្រីការពារជាតិជាន់ខ្ពស់របស់ចិន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមិថុនា) បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានក្បត់នឹងការជឿទុកចិត្តរបស់ទីក្រុងប៉េកាំង ដោយនៅតែបន្តលក់អាវុធទៅឲ្យកោះស្វ័យគ្រប់គ្រង គឺតៃវ៉ាន់។
ការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានដំណាច់ខែរបស់ក្រសួងការពារជាតិចិន គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការផ្ដល់សក្ខីកម្មថ្មីៗនេះរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ដែលបានពណ៌នាប្រទេសចិនថា ជា «ការគំរាមកំហែងក្នុងល្បឿនដ៏លឿន» របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ប្រទេសចិនអះអាងថា កោះតៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯងតាមបែបប្រជាធិបតេយ្យ ជាដែនដីរបស់ខ្លួន។ ទីក្រុងតៃប៉ិ គឺជាដៃគូសន្តិសុខដ៏សំខាន់របស់សហរដ្ឋអាមេរិក នៅតំបន់យុទ្ធសាស្ត្រដែលគេហៅថា កោះខ្សែច្រវាក់ទី១ នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។

នៅក្នុងសវនាការផ្នែកថវិការបស់មន្ទីរបញ្ចកោណ នៅដើមខែមិថុនានេះ លោក Hegseth បានប្រាប់គណៈកម្មាធិការត្រួតពិនិត្យរបស់ព្រឹទ្ធសភាថា សមយុទ្ធយោធាថ្មីៗរបស់ចិន នៅជុំវិញកោះតៃវ៉ាន់ បង្ហាញពីការត្រៀមលក្ខណៈរបស់ទីក្រុងប៉េកាំង ក្នុងការវាយប្រហារមុនដំណាច់ទសវត្សរ៍នេះ។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងប៉េកាំងថា៖ «ភាគីអាមេរិកបានបំពានការសន្យារបស់ខ្លួនម្តងហើយម្តងទៀត ហើយនៅតែលក់អាវុធទៅឲ្យកោះតៃវ៉ាន់។ ការធ្វើបែបនេះនឹងមានតែនាំឲ្យខ្លួនឲ្យឆ្ពោះទៅរកគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ុណ្ណោះ»។
យ៉ាងណាក្ដី លោក Zhang មិនបានរៀបរាប់លម្អិត អំពីអ្វីដែលលោកចង់មានន័យ ពាក់ព័ន្ធនឹង «ការបំពានលើការសន្យារ» នោះឡើយ ប៉ុន្តែហាក់ដូចជាចង់សំដៅទៅលើសេចក្តីថ្លែងការណ៍រួម រវាងសហរដ្ឋអាមេរិក និងចិនឆ្នាំ១៩៨២ ដែលទីក្រុងប៉េកាំងបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាចិត្តកាត់បន្ថយការលក់អាវុធបន្តិចម្ដងៗទៅកាន់ទីក្រុងតៃប៉ិ។ ក្រោយមក មន្ត្រីអាមេរិកបានបំភ្លឺថា ការសន្យានោះគឺផ្អែកលើលក្ខខណ្ឌដែលចិនក៏ត្រូវបន្ថយការគំរាមកំហែង ក្នុងការក្រសោបយកកោះតៃវ៉ាន់ដោយកងកម្លាំងផងដែរ៕


