ដោយដកស្រង់ប្រភពដែលដឹងពីការពិភាក្សា សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍ថា សហភាពអឺរ៉ុប (EU) កំពុងពិចារណាកាត់បន្ថយអត្រាពន្ធលើការនាំចូលផ្សេងៗពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោកប្រធានាធិបតី Donald Trump។
បណ្ដាមេដឹកនាំ EU គ្រោងនឹងពិភាក្សា អំពីលទ្ធភាពនៃការធ្វើសម្បទាន អំឡុងកិច្ចប្រជុំ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ក្រៅពីការកាត់បន្ថយពន្ធ មេដឹកនាំទាំងអស់ ក៏កំពុងថ្លឹងថ្លែងជម្រើសផ្សេងៗ ដូចជាការកាត់បន្ថយរបាំងមិនមែនពន្ធ ការបង្កើនការទិញផលិតផលអាមេរិក ក្នុងនោះរួមទាំងឧស្ម័នធម្មជាតិរាវ (LNG) និងការផ្តល់កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើការដោះស្រាយកង្វល់សេដ្ឋកិច្ចទាក់ទងនឹងប្រទេសចិន។

គួរបញ្ជាក់ថា កិច្ចពិភាក្សាពាណិជ្ជកម្ម បានប្រព្រឹត្តទៅក្នុងល្បឿនយ៉ាងលឿន នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីមានការគំរាមរបស់លោកប្រធានាធិបតី Trump កាលពីខែឧសភា ក្នុងការដំឡើងពន្ធ ៥០ភាគរយ លើទំនិញរបស់ EU។ ក្រោយមកលោក Trump បានយល់ព្រមផ្អាកវិធានការនេះ ហើយបន្តការចរចារហូតដល់ថ្ងៃទី៩ ខែកក្កដា។
ពេលនេះ មន្ត្រីអឺរ៉ុបជាច្រើនជឿថា រដ្ឋបាលរបស់លោក Trump មានបំណងរក្សាពន្ធមូលដ្ឋាន ១០ភាគរយ របស់ខ្លួនលើការនាំចូលរបស់ EU។ ហើយប្រភពដែលពាក់ព័ន្ធនឹងការចរចា បានឲ្យដឹងថា ជាលទ្ធផល ពួកគេ បានផ្លាស់ប្តូរការផ្តោតអារម្មណ៍ឆ្ពោះទៅរកការធានាការលើកលែងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការប៉ះពាល់ដល់សេដ្ឋកិច្ច ដោយសារពន្ធទាំងនេះ និងពន្ធផ្សេងៗទៀត៕

