ការិយាល័យជំរឿនរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមិថុនា) បានផ្ដល់របាយការណ៍ថា ពាណិជ្ជកម្មដោះដូរទំនិញអន្តរជាតិ បានកើនឡើងប្រហែល ១១ភាគរយ នៅក្នុងខែឧសភា ខណៈដែលការនាំចេញបានធ្លាក់ចុះ ស្របពេលដែលការនាំចូលនៅតែមិនមានការប្រែប្រួលច្រើនឡើយ។
តែអ្នកនាំពាក្យសេតវិមាន បានប្រាប់សារព័ត៌មាន Newsweek ថា «ព័ត៌មានតិចតួចពីទិន្នន័យនេះ មិនឆ្លុះបញ្ចាំងដល់រូបភាពធំជាងនេះ» នោះទេ នៅពេលនិយាយអំពីគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋបាល និងឥទ្ធិពលរបស់វា។

លោកប្រធានាធិបតី Donald Trump បានពឹងផ្អែកលើវិធានការពន្ធជាយន្តការចម្បង ដើម្បីដោះស្រាយឱនភាពពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិក ដែលលោកចាត់ទុកថា ជាសញ្ញាមួយ ដែលថា សហរដ្ឋអាមេរិកកំពុងត្រូវបានទាញយកប្រយោជន៍ពីដៃគូពាណិជ្ជកម្មរបស់ខ្លួន។
ឱនភាពនេះបានបន្តមានខ្លាំងឡើងៗ នៅមុនការចាប់ផ្ដើមពន្ធ «ថ្ងៃរំដោះ» របស់លោក Trump ដែលបានដាក់ចេញពន្ធបដិការ លើដៃគូពាណិជ្ជកម្មរាប់សិបរបស់សហរដ្ឋអាមេរិក ដោយមានអត្រាពន្ធទាប ១០ភាគរយ រហូតដល់ខ្ពស់ ៥០ភាគរយ។
ការិយាល័យជំរឿន បានរាយការណ៍ពីគម្លាតប្រហែល ៩៦,៦ពាន់លានដុល្លារ ក្នុងខែឧសភា កើនឡើង ១១,១ភាគរយ ធៀបនឹង ៨៧ពាន់លានដុល្លារ ដែលត្រូវបានរាយការណ៍នៅក្នុងខែមេសា។ ការនាំចេញសម្រាប់ខែឧសភា បានធ្លាក់ចុះមកត្រឹម ១៧៩,២ពាន់លានដុល្លារ ដោយធ្លាក់ចុះប្រហែល ៥ភាគរយ (ឬ ៩,៧ពាន់លានដុល្លារ) ពីខែមេសា នៅពេលដែលការនាំចូលទាបជាង ០,១ពាន់លានដុល្លារ ពោលគឺប្រហែល ២៧៥,៨ពាន់លានដុល្លារ៕
