សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមិថុនា) បានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតី Donald Trump អាចពន្យារកាលកំណត់ដែលជិតមកដល់ ជុំវិញការដំឡើងពន្ធឡើងវិញលើការនាំចូលពីប្រទេសភាគច្រើននៃពិភពលោក។
អ្នកនាំពាក្យរបស់សេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានថា កាលកំណត់នៅថ្ងៃទី៨ និងទី៩ ខែកក្កដារបស់លោក Trump ពាក់ព័ន្ធនឹងការចាប់ផ្តើមវិធានការដំឡើងពន្ធឡើងវិញលើប្រទេសទាំងនោះ គឺ «មិនមែនជាបញ្ហាសំខាន់» អ្វីឡើយ។

លោកស្រី Leavitt បាននិយាយថា៖ «វាប្រហែលជាអាចត្រូវបានពន្យារបន្ថែម ប៉ុន្តែនោះគឺជាការសម្រេចរបស់លោកប្រធានាធិបតី»។ នៅថ្ងៃព្រហស្បតិ៍នោះដែរ លោកស្រី Leavitt ក៏បានប្រាប់ផងដែរថា ប្រសិនបើប្រទេសណាមួយ ក្នុងចំណោមប្រទេសទាំងនោះ បដិសេធមិនធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកតាមកាលកំណត់ទេនោះ «លោកប្រធានាធិបតីអាចផ្តល់ឲ្យប្រទេសទាំងនេះនូវកិច្ចព្រមព្រៀងមួយដោយខ្លូនលោកផ្ទាល់»។
លោកស្រីបានសង្កត់ធ្ងន់ថា៖ «ហើយនោះមានន័យថា ប្រធានាធិបតីអាចជ្រើសរើសអត្រាពន្ធបដិការដែលលោកជឿថា មានអត្ថប្រយោជន៍សម្រាប់សហរដ្ឋអាមេរិក និងសម្រាប់កម្មករអាមេរិក»។
គួរបញ្ជាក់ថា កាលពីដើមខែមេសា លោក Trump បានដាក់ពន្ធបដិការ ក្នុងអត្រាផ្សេងៗគ្នា លើការនាំចូលពីប្រទេសស្ទើរតែទាំងអស់។ ប៉ុន្តែនៅថ្ងៃទី៩ ខែមេសា លោកបានសម្រេចផ្អាករយៈពេល ៩០ថ្ងៃ សម្រាប់កម្រិតខ្ពស់ពី ១០ភាគរយ ដើម្បីផ្តល់ពេលវេលាឲ្យប្រទេសទាំងនោះធ្វើការចរចា។ កាលកំណត់នោះត្រូវផុតនៅថ្ងៃទី៨ ខែកក្កដា៕
