ក្រសួងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រ (ទី២៧ ខែមិថុនា) បានស្នើសុំឲ្យកូរ៉េខាងជើងផ្តល់ការជូនដំណឹងជាមុន នៅពេលបញ្ចេញទឹកពីទំនប់ឆ្លងកាត់ព្រំដែន ដោយទីក្រុងសេអ៊ូលបានលើកឡើងពីហេតុផលមនុស្សធម៌។
កូរ៉េខាងជើងដ៏ឯកោ និងក្រីក្រ គឺរងគ្រោះជាពិសេសដោយសារគ្រោះមហន្តរាយធម្មជាតិ ហើយបានចាត់វិធានការ ដើម្បីការពារទឹកជំនន់ ក្នុងនោះរួមទាំងការបញ្ចេញទឹកពីទំនប់ នៅជិតព្រំដែនភាគខាងត្បូងរបស់ខ្លួនផងដែរ ដែលបានធ្វើឲ្យមានក្ដីបារម្ភខ្លាំងឡើងៗ អំពីសុវត្ថិភាព និងទឹកជំនន់ នៅប្រទេសកូរ៉េខាងត្បូង។
យោងតាមក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល ដែលគ្រប់គ្រងទំនាក់ទំនង ជាមួយកូរ៉េខាងជើង បានឲ្យដឹងថា ប្រជាជនកូរ៉េខាងត្បូង ៦នាក់ បានបាត់បង់ជីវិត ក្នុងឆ្នាំ២០០៩ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបញ្ចេញទឹកដោយគ្មានការជូនដំណឹងជាមុន។

អ្នកនាំពាក្យរងរបស់ក្រសួង លោកស្រី Chang Yoon-jeong បានប្រាប់អ្នកសារព័ត៌មានថា បញ្ហានេះ គឺ «ទាក់ទងដោយផ្ទាល់ទៅនឹងសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងដែលរស់តាមតំបន់ព្រំដែន«។ លោកស្រីបានបញ្ជាក់ថា៖ «ការឆ្លើយតបរួមគ្នា ចំពោះគ្រោះមហន្តរាយធម្មជាតិ គឺជាបញ្ហាមនុស្សធម៌ ហើយទាំងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានព្រមព្រៀងគ្នាជាច្រើនដងមកហើយ ក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីការពារការខូចខាតដោយទឹកជំនន់»។
លោកស្រីបានសង្កត់ធ្ងន់ថា៖ «អាស្រ័យហេតុនេះ យើងសំណូមពរឲ្យកូរ៉េខាងជើងជូនដំណឹងជាមុន នៅពេលបញ្ចេញទឹកពីទំនប់ ដោយសារហេតុផលមនុស្សធម៌ ដើម្បីការពារការខូចខាតដោយទឹកជំនន់ នៅតាមតំបន់ព្រំដែន ក្នុងរដូវវស្សា»៕

