ប្រទេសហ្ស៊កដានី កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសចំពោះ«ការវាយប្រហារភេរវកម្ម» ពីសំណាក់អ្នកតាំងលំនៅអ៊ីស្រាអែល ដែលបានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីន ៤នាក់ស្លាប់ នៅក្នុងទីក្រុងចំនួនពីរ នៅតំបន់វេសបែង កាលពីថ្ងៃពុធ។
ក្រសួងការបរទេស និងកិច្ចការជនបរទេស បានបន្ទោសកងកម្លាំងអ៊ីស្រាអែលជុំវិញ«ការវាយប្រហារភេរវកម្ម» របស់អ្នកតាំងលំនៅ នៅក្នុងភូមិ Kafr Malik ជាកន្លែងដែលជនជាតិប៉ាឡេស្ទីនបីនាក់ ត្រូវបានសម្លាប់ដោយទាហាន និងជាច្រើននាក់ទៀត បានរងរបួស ក្នុងអំឡុងពេលការប៉ះទង្គិចគ្នារវាងអ្នកស្រុកនិងអ្នកតាំងលំនៅ។

លោក Sufian Qudah អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា ហ្ស៊កដានី «ច្រានចោលការវាយប្រហារទាំងនេះ និងការកើនឡើងនៃអំពើភេរវកម្មរបស់អ្នកតាំងទីលំនៅប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន»។
លោកបាននិយាយថា គោលនយោបាយរបស់រដ្ឋាភិបាលអ៊ីស្រាអែល ញុះញង់ឲ្យមានអំពើហិង្សាលើប្រជាជនប៉ាឡេស្ទីន និងផ្តល់ឲ្យអ្នកតាំងលំនៅនូវ «និទណ្ឌភាព» ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មបន្ថែមទៀតប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន» ។
លោកបានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់ហ្ស៊កដានីឲ្យមានការឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងការបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តលើតំបន់ឆ្នេរនេះ ចាប់តាំងពីចុងឆ្នាំ ២០២៣។
