កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មនុស្សរាប់រយនាក់ បានជួបជុំគ្នានៅទីក្រុង Mexico City ដើម្បីគាំទ្រព្រឹត្តការណ៍ប្រយុទ្ធជាមួយគោ និងការជល់មាន់ ដែលក្រុមសកម្មជនអះអាងថា វាគឺជាចំណែកមួយនៃប្រពៃណី និងមរតកវប្បធម៌របស់ម៉ិកស៊ិក ។
ក្រុមបាតុករនាំគ្នាតវ៉ានៅតាមទីប្រជុំជនក្នុងទីក្រុង Mexico City ជំរុញឲ្យក្រុមតំណាងរាស្រ្ត អភិរក្សទំនៀមទម្លាប់មួយនេះ ជាជាងហាមឃាត់វា ក្រោយសភាក្រុង អនុម័តវិធានការកាលពីខែមីនា ដោយមានគោលបំណងធ្វើឲ្យការប្រយុទ្ធជាមួយគោ មានគ្រោះថ្នាក់តិចចំពោះគោ ។

វិធានការនេះ នឹងមិនអនុញ្ញាតឲ្យអ្នកប្រយុទ្ធជាមួយសត្វគោប្រើប្រាស់លំពែង និងដាវនោះទេ ដើម្បីវាយប្រហារលើសត្វគោ ។ ចំណែកឯស្នែងរបស់សត្វគោវិញ នឹងត្រូវគ្របផងដែរ ដើម្បីការពារមិនឲ្យមនុស្សរងរបួស ។
លោក Antonio de la Vega គឺជាអ្នកប្រយុទ្ធជាមួយគោ ព្រមានថា បំរាមការប្រយុទ្ធជាមួយសត្វគោ អាចនាំឲ្យផុតពូជគោប្រយុទ្ធ ។ បើគ្មានការប្រយុទ្ធជាមួយគោទេនោះ វានឹងផុតពូជ ។
យោងតាមក្រុមរៀបចំបាតុកម្មនេះ បានឲ្យដឹងថា ការប្រយុទ្ធជាមួយសត្វគោ បានផ្តល់ការងារដល់មនុស្សរាប់ពាន់នាក់ ហើយវាសំខាន់ខ្លាំងណាស់ចំពោះអត្តសញ្ញាណរបស់អ្នកស្រុ ។
ក្រុមបាតុករ បានអំពាវនាវឲ្យលោកប្រធានាធិបតីជាប់ឆ្នោត Claudia Sheinbaum និងអភិបាលក្រុង Mexico City គឺលោកស្រី Clara Brugada បញ្ឈប់ការហាមឃាត់បន្ថែមទៀត ៕
