ក្រសួងការបរទេសអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានសន្ទានាគ្នាតាមទូរសព្ទ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមិថុនា) ជាពេលដែលពួកលោកបានពិភាក្សា អំពីការលើកកម្ពស់ «សន្តិភាពយូរអង្វែង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់»។
គួរបញ្ជាក់ថា នៅដើមសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសបទឈប់បាញ់ រវាងសម្ព័ន្ធមិត្តអាមេរិក គឺអ៊ីស្រាអែល និងគូប្រជែងក្នុងតំបន់របស់ខ្លួន គឺអ៊ីរ៉ង់ ដើម្បីបញ្ឈប់សង្រ្គាមដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៣ ខែមិថុនា នៅពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់។

លោក Trump បានជួបជាមួយមេទ័ពប៉ាគីស្ថាន លោក Field Marshal Asim Munir នៅសេតវិមាន កាលពីសប្តាហ៍មុន ជាកន្លែងដែលពួកលោកបានពិភាក្សា អំពីប្រទេសអ៊ីរ៉ង់ ដែលលោក Trump បាននិយាយថា ប្រទេសប៉ាគីស្ថានដឹងច្បាស់អំពីអ៊ីរ៉ង់ជាងប្រទេសដទៃ។
ហើយម្យ៉ាងវិញទៀត ស្ថានទូតប៉ាគីស្ថាន ក្នុងទីក្រុងវ៉ាស៊ីនតោន តំណាងឲ្យផលប្រយោជន៍របស់អ៊ីរ៉ង់ នៅសហរដ្ឋអាមេរិក ដោយសារតែទីក្រុងតេអេរ៉ង់មិនមានទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកឡើយ។
សម្រាប់ការជជែកតាមទូរសព្ទ រវាងលោក Rubio និងលោក Sharif ក្រសួងការបរទេសអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មេដឹកនាំទាំង២ បានទទួលស្គាល់ពីសារៈសំខាន់នៃការធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សន្តិភាពយូរអង្វែង រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ហើយលេខាធិការ Rubio បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនអាចអភិវឌ្ឍ ឬមានអាវុធនុយក្លេអ៊ែរបានឡើយ»៕
