រដ្ឋមន្ត្រីមហាផ្ទៃទួរគី លោក Ali Yerlikaya បាននិយាយថា មន្ត្រីនគរបាលទួរគី បានឃាត់ខ្លួនមនុស្សចំនួន ៣៦១នាក់ ពីបទសង្ស័យថា មានទំនាក់ទំនងជាមួយអង្គការ FETO ដែលបានប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ ២០១៦ ហើយត្រូវបានហាមឃាត់ នៅក្នុងប្រទេសនេះ។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកថា៖«យើងបានចាប់ខ្លួនជនសង្ស័យសរុបចំនួន ៣៦១នាក់ នៅក្នុងប្រតិបត្តិការដែលធ្វើឡើងប្រឆាំងនឹងអង្គការភេរវកម្ម FETO ។ ប្រតិបត្តិការនេះ បានគ្របដណ្តប់ខេត្តចំនួន ៤៦ នៃប្រទេសនេះ ដែលធ្វើឡើងក្នុង រយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ បុគ្គលទាំងនេះ គឺស្ថិតនៅក្នុងបញ្ជីឈ្មោះដែលត្រូវស្វែងចាប់ខ្លួនជុំវិញការធ្វើសកម្មភាព ក្នុងរចនាសម្ព័ន្ធយោធា ខុសច្បាប់ ហិរញ្ញវត្ថុ និងអប់រំរបស់អង្គការ FETO ដើម្បីសម្របសម្រួលទំនាក់ទំនងនៅក្នុងអង្គការ ក្នុងគោលបំណងធ្វើការឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយ និងការក្លែងបន្លំការប្រឡងការចូលបម្រើការងាររដ្ឋ»។

អ្នកដែលត្រូវបានឃុំខ្លួនមួយចំនួន ត្រូវបានរកឃើញថា ជាអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទ ByLock ដែលជាសេវាកម្មផ្ញើសារសម្ងាត់ដែលអង្គការប្រើប្រាស់នេះយ៉ាងសកម្មសម្រាប់ការឆ្លើយឆ្លងឯកជន។ បុគ្គលមួយចំនួនដែលកំពុងរត់គេចពីច្បាប់ ត្រូវបានចាប់ខ្លួន។ ប្រតិបត្តិការ និងការវាយឆ្មក់របស់នគរបាល ត្រូវបានធ្វើឡើង នៅទូទាំងប្រទេសទួរគី រួមមាននៅទីក្រុង Ankara, Antalya, Istanbul, Izmir, Konya, Mersin និងទីក្រុង Trabzon។
នៅថ្ងៃទី ១៥-១៦ ខែកក្កដា ឆ្នាំ ២០១៦ មន្ត្រីយោធាមួយក្រុម និងអ្នកសមគំនិតស៊ីវិល បានប៉ុនប៉ងធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសទួរគី។ ការប៉ះទង្គិចគ្នារយៈពេលពីរថ្ងៃ បានបណ្តាលឲ្យមនុស្សស្លាប់ជាង ២៥០នាក់ស្លាប់ និង ២.២០០នាក់រងរបួស។ អាជ្ញាធរទួរគី បាននិយាយម្តងហើយម្តងទៀតថា អ្នកគាំទ្រអង្គការ FETO នឹងត្រូវបានចោទប្រកាន់ រហូតដល់ពួកគេចុងក្រោយ ត្រូវបានកាត់ទោស។
