ក្រុមចរចាកុងហ្គោ បានទាមទារឲ្យទាហានរ៉្វាន់ដា ចាកចេញជាបន្ទាន់ពីតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាការត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរៀបចំឡើងដោយសហរដ្ឋអាមេរិកដែលនឹងត្រូវចុះហត្ថលេខារវាងប្រទេសបច្ចាមិត្តទាំង ២នៅថ្ងៃសុក្រនេះ ។ នេះបើយោងតាមប្រភពចំនួន ៤ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ។
យោងតាមការអះអាងរបស់ក្រុមអ្នកវិភាគ និងក្រុមមន្រ្តីការទូត បានឲ្យដឹងថា ប្រទេសរ៉្វាន់ដា បានបញ្ជូនទាហានយ៉ាងហោច ៧ពាន់នាក់ ទៅកាន់តំបន់ព្រំដែន ដើម្បីគាំទ្រក្រុមឧទ្ទាម M23 ដែលរឹបអូសបានទីក្រុងធំបំផុតចំនួន ២នៅភាគខាងកើតកុងហ្គោ ហើយនិងតំបន់សម្បូរធនធានរ៉ែជាច្រើនទៀត អំឡុងការរុលចូលដូចផ្លេកបន្ទោរបស់ពួកគេ កាលពីដើមឆ្នាំនេះ ។
ប្រទេសរ៉្វាន់ដា បានច្រានចោលថាខ្លួនពុំបានផ្តល់អាវុធ និងទាហាដល់ក្រុមឧទ្ទាម M23នោះឡើយ ហើយពួកគេនិយាយថា ពួកគេធ្វើគ្រាន់តែដើម្បីការពារខ្លួនប៉ុណ្ណោះ ។
ក្រុមមន្រ្តីកុងហ្គោ និងក្រុមមន្រ្តីរ៉្វាន់ដា ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសុក្រនេះ បន្ទាប់ពីការជំរុញក្នុងវិស័យការទូតដោយរដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដើម្បីបញ្ចប់ជម្លោះអស់រយៈពេលជាច្រើនឆ្នាំ ដែលមានឬសគល់ពីការប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤នៅរ៉្វាន់ដា ។
កិច្ចព្រមព្រៀងនេះដែរ មានគោលបំណងផងដែរ ដើម្បីទាក់ទាញការវិនិយោគរបស់លោកខាងលិចលើវិស័យរ៉ែរបស់ប្រទេសទាំង ២ ដែលសម្បូរសារធាតុរ៉ែតង់តាលូម មាស គូប័ល ស្ពាន់ និងលីចូម ខណៈអនុញ្ញាតឲ្យសហរដ្ឋអាមេរិកទទួលបានរ៉ែសំខាន់ៗផងដែរ ៕