អ្នកការទូតជាន់ខ្ពស់អ៊ុយក្រែនមួយរូប បាននិយាយថា ប្រទេសអ៊ុយក្រែនគ្រោងស្នើឲ្យសហភាពអឺរ៉ុប (EU) ដាក់ទណ្ឌកម្មអង្គភាពនៅប្រទេសបង់ក្លាដែស ដែលទីក្រុងគីវឲ្យដឹងថា កំពុងនាំចូលស្រូវសាលីពីដែនដីអ៊ុយក្រែនកាន់កាប់ដោយរុស្ស៊ី បន្ទាប់ពីមានការព្រមានរបស់ខ្លួនទៅកាន់ទីក្រុងដាកាដែលមិនអាចបញ្ឈប់ពាណិជ្ជកម្មនេះបាន។
កងកម្លាំងរុស្ស៊ីបានកាន់កាប់ផ្នែកយ៉ាងធំនៃតំបន់ នៅកសិកម្មភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០១៤ ហើយទីក្រុងគីវ បានចោទប្រកាន់រុស្ស៊ីថា បានលួចគ្រាប់ធញ្ញជាតិរបស់ខ្លួន សូម្បីតែនៅមុនពេលមានការលុកលុយ កាលពីឆ្នាំ២០២២។ មន្ត្រីរុស្ស៊ីនិយាយថា គ្មានអំពើលួចគ្រាប់ធញ្ញជាតិដែលពាក់ព័ន្ធនោះទេ ព្រោះទឹកដីដែលធ្លាប់ចាត់ទុកជាផ្នែករបស់អ៊ុយក្រែន ឥឡូវនេះជាផ្នែករបស់ប្រទេសរុស្ស៊ី ហើយនឹងនៅតែបែបនោះជារៀងរហូត។
យោងតាមឯកសារផ្តល់ឲ្យសារព័ត៌មាន Reuters ពីបុគ្គលដែលដឹងពីបញ្ហានេះ បានបង្ហាញថា ស្ថានទូតអ៊ុយក្រែន នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានផ្ញើលិខិតជាច្រើនទៅក្រសួងការបរទេសបង់ក្លាដែស នៅឆ្នាំនេះ ដោយសុំឲ្យកុំទទួលយកគ្រាប់ធញ្ញជាតិជាង ១៥០.០០០តោន ដែលត្រូវបានចោទប្រកាន់ថា បានដោយសារល្មួច និងដឹកជញ្ជូនពីកំពង់ផែ Kavkaz របស់រុស្ស៊ី។
នៅពេលត្រូវបានសួរ អំពីការទាក់ទងការទូតសម្ងាត់នេះ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅប្រទេសឥណ្ឌា លោក Oleksandr Polishchuk បាននិយាយថា ទីក្រុងដាកា មិនបានឆ្លើយតប ចំពោះការទាក់ទងនេះទេ ហើយទីក្រុងគីវ ឥឡូវនេះ នឹងចាត់វិធានការលើបញ្ហានេះឲ្យខ្លាំងជាងមុន ខណៈដែលការស៊ើបការណ៍របស់ខ្លួន បានបង្ហាញថា អង្គភាពនៅក្នុងប្រទេសរុស្ស៊ី បានយកគ្រាប់ធញ្ញជាតិដែលបានទិញពីដែនដីកាន់កាប់របស់អ៊ុយក្រែន លាយជាមួយស្រូវសាលីរុស្ស៊ី មុនពេលដឹកជញ្ជូនចេញ។
ជម្លោះការទូតរបស់អ៊ុយក្រែនជាមួយអាជ្ញាធរបង់ក្លាដែស មិនត្រូវបានរាយការណ៍ពីមុនមកទេ។ ក្រសួងការបរទេសបង់ក្លាដែស និងរុស្ស៊ី មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយឡើយ៕