ប្រទេសដាណឺម៉ាកធ្វើសមយុទ្ធយោធាមួយក្នុងចំណោមសមយុទ្ធយោធាធំបំផុតរបសើខ្លួនក្នុងខែនេះ នៅកោះ Greenland ជាមួយនឹងការដាក់ពង្រាយនាវាចម្បាំង យន្តហោះចម្បាំង F-16 កងកម្លាំងពិសេស កងទ័ពបន្ថែម និងបង្កើនការឃ្លាំមើលជុំវិញហេដ្ឋារចនាសំខាន់ៗ ។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រធានមេបញ្ជាការអាក់ទិកដាណឺម៉ាក និយាយថា ទស្សនីយភាពនៃការចង់គ្រប់គ្រងកោះ Greenland ពីសំណាក់សហរដ្ឋអាមេរិក មិនបានធ្វើឲ្យលោកដេកមិនលក់នោះទេ ក្រោយជជែកគ្នាជាមួយឧត្តមសេនីយជាន់ខ្ពស់សហរដ្ឋអាមេរិកាលពីសប្តាហ៍មុន ប៉ុន្តែរឿងសំខាន់ជាងនេះត្រូវធ្វើនោះ គឺរារាំងការវាយប្រហារណាមួយពីរុស្ស៊ីលើកោះមួយនេះ ។
គួរឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានលើកឡើងម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកអាចនឹងដណ្តើមយកកោះមួយនេះ គឺជាដែនដីពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាក ស្ថិតនៅចម្លោះអាមេរិកខាងជើង និងអឺរ៉ុប ដោយវាចាំបាច់ សម្រាប់ប្រព័ន្ធព្រមានមីស៊ីលបាលីស្ទិកសហរដ្ឋអាមេរិក ។ លោកពុំបានច្រានចោលនោះទេ ចំពោះការដណ្តើមយកដែនដីមួយនេះ ដោយប្រើប្រាស់កម្លាំង ។
លោក Soren Andersen គឺជាប្រធានមេបញ្ជាការចម្រុះអាក់ទិកដាណឺម៉ាក និយាយនៅក្នុងបទសម្ភាសន៍ថា សេណារីយោបែបនេះ ពិតជាមិនស្ថិតក្នុងចិត្តរបស់លោកនោះទេ ។ លោកបានថ្លែងបែបនេះ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយរូបលោកបានជួបជាមួយឧត្តមសេនីយត្រួតត្រាដែនដីការពាររបស់សហរដ្ឋអាមេរិក គឺលោកឧត្តមសេនីយ Gregory Guillot ៕