ក្រុមមន្ត្រីបានបានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៩នាក់ បានបាត់បង់ជីវិត ដោយសារទឹកជំនន់យ៉ាងគំហុកភ្លាមៗ ខណៈដែលនៅក្នុងទន្លេមួយ នៅភាគខាងជើងប្រទេសប៉ាគីស្ថាន ទឹកបានហូរនាំយកកុមារ និងសាច់ញាតិដែលបានលោតចូលទៅជួយសង្គ្រោះពួកគេ នៅថ្ងៃសុក្រ (ទី២៧ ខែមិថុនា) នេះ។
អភិបាលតំបន់ លោក Shehzad Mahboob បាននិយាយថា ក្រុមគ្រួសារនេះកំពុងញ៉ាំអាហារពេលព្រឹក នៅមាត់ទន្លេ Swat ហើយក្មេងៗ បាននាំគ្នាលេងទឹក និងថតរូប នៅពេលដែលទឹកជំនន់យ៉ាងគំហុក បានកើតឡើងភ្លាមៗ។
លោក Mahboob បានបន្ថែមថា សាច់ញាតិបានប្រញាប់ប្រញាល់លោតទៅជួយ ប៉ុន្តែក៏ត្រូវបានជាប់នៅក្នុងទឹកជំនន់ផងដែរ ដែលបានឡើងយ៉ាងខ្លាំង ដោយសារភ្លៀងមូសុង។ លោកបានប្រាប់សារព័ត៌មាន Reuters ថា វានៅតែជាការឆាប់ពេក ដែលមិនអាចនិយាយបានថា តើមានកុមារប៉ុន្មាននាក់ និងមនុស្សពេញវ័យប៉ុន្មាននាក់ស្លាប់។ លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ សព ៩នាក់ត្រូវបានរកឃើញ។
សមាជិកគ្រួសារ ៤នាក់ ត្រូវបានជួយសង្គ្រោះឲ្យរួចជីវិត ហើយមនុស្ស ៤នាក់ទៀត នៅតែបាត់ខ្លួន។ បើយោងតាមអភិបាលក្រុង លោក Shahid Ali Khan បានឲ្យដឹងថា ក្រុមគ្រួសារនេះ គឺជាអ្នកទេសចរមកពីប៉ាគីស្ថានដែលទៅលេងកម្សាន្តនៅជ្រលងភ្នំ Swat។
មន្ត្រីពីក្រុមជួយសង្គ្រោះ លោក Shah Fahad បាននិយាយថា អ្នកស្រុក និងអ្នកជួយសង្គ្រោះជាង ៨០នាក់ កំពុងស្វែងរកអ្នកនៅរស់។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រោយមកបានចេញសេចក្តីជូនដំណឹងថា មានកម្រិតទឹកជំនន់ឡើងខ្លាំង ហើយបានព្រមានប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន៕