នៅថ្ងៃសុក្រនេះ ក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក Alexander Graf Lambsdorff ឲ្យចូលខ្លួន ដើម្បីប្រកាសវិធានការសងសឹកប្រឆាំងនឹងការបៀតបៀនលើអ្នកកាសែតរុស្ស៊ីដែលបម្រើការនៅក្នុងប្រទេសអាល្លឺម៉ង់ ។
ពេលលោក Lambsdorff ចាកចេញពីអគារ លោកបដិសេធន៍មិនផ្តល់សេចក្តីអត្ថាធិប្បាយណាមួយឡើយចំពោះលទ្ធផលនៃជំនួបនេះ ។
រុស្ស៊ីបានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតជាមួយអាល្លឺម៉ង់ជុំវិញបញ្ហាខាងលើ ហើយនិងបានបណ្តេញអ្នកឆ្លើយឆ្លងព័ត៌មានអាល្លឺម៉ង់ និងកាមេរ៉ាមែន កាលពីខែវិច្ឆិកាឆ្នាំមុន ដោយពួកគេនិយាយថា នេះគឺជាការឆ្លើយតបជាប្រព័ន្ធចំពោះចំណាត់ការរបស់អាល្លឺម៉ង់លើក្រុមអ្នកកាសែតទូរទស្សន៍រដ្ឋរុស្ស៊ី ។
អាល្លឺម៉ង់ និយាយថា ការចាកចេញទៅរបស់អ្នកសារព័ត៌មានរុស្ស៊ីជាប់ពាក់ព័ន្ធច្បាប់ទម្លាប់រស់នៅ ហើយអ្នកកាសែតរុស្ស៊ី អាចធ្វើសេចក្តីរាយការណ៍ដោយសេរីនៅក្នុងប្រទេសមួយនេះ ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova និយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាល្លឺម៉ង់ដាក់សម្ពាធ និងបៀតបៀនមិនសមរម្យលើក្រុមអ្នកកាសែតរុស្ស៊ី និងសមាជិកគ្រួសាររបស់ពួកគេ ។ កាលពីមុនលោកស្រីបាននិយាយពីលិខិតឆ្លងដែនត្រូវបានដកហូត ហើយនិងរឹតត្បិតសេរីភាពនៃការធ្វើដំណើររបស់អ្នកកាសែតរុស្ស៊ី ៕