សីតុណ្ហភាពនៅប្រទេសក្រិកបានកើនឡើងដល់ជាង ៤០អង្សាសេនាថ្ងៃសុក្រនេះ ដែលជារលកកម្តៅដំបូងអំឡុងរដូវក្តៅ ក្នុងនោះក្រុមអាជ្ញាធរបានណែនាំឲ្យសាធារណជនបន្តស្នាក់នៅក្នុងផ្ទះ ។
នៅបន្ទាយបុរាណក្រិក ភ្ញៀវទេសចរយ៉ាងច្រើនបានស៊ូទ្រាំនឹងអាកាសធាតុក្តៅបែបនេះ ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៤២អង្សាសេ ដោយពួកគេនាំគ្នាពាក់មួក ប្រើកង្ហារ និងឆ័ត្រ ខណៈដែលមណ្ឌលមានម៉ាស៊ីនត្រជាក់ ត្រូវបានបង្កើតឡើងសម្រាប់សាធារណជនជ្រក រហូតដល់ពេលល្ងាច ។
ក្រុមអាជ្ញាធរបានដំឡើងខ្សែទូរស័ព្ទផងដែរសម្រាប់នរណាម្នាក់ត្រូវការសេចក្តីណែនាំវេជ្ជសាស្រ្ត ដោយសាររលកកម្តៅនេះ ។
ពួកគេបានណែនាំឲ្យអ្នកស្រុកមិនត្រូវចេញទៅចោលសំរាមនោះឡើយពេលអាកាសធាតុក្តៅខ្លាំងបំផុតនៅពេលកណ្តាលថ្ងៃ ដើម្បីបន្តរក្សាជាតិទឹកក្នុងខ្លួន ចៀសវាងសេបគ្រឿងស្រវឹង ហើយនិងរឹតត្បិតការធ្វើដំណើររបស់ពួកគេ ។
ក្រុមអាជ្ញាធរ បានហាមប្រាមផងដែរការងារខាងក្រៅសម្រាប់កម្មករសំណង់ និងបុគ្គលិកចែកចាយទំនិញ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ២រសៀល ហើយនិងជំរុញឲ្យធ្វើការពីផ្ទះ ៕