គុនខ្មែរ៖ អ្នកលេងគុនចម្រុះដ៏ល្បីរបស់កម្ពុជា ចាន់ រតនា បានធ្វើដំណើរទៅដល់ប្រទេសបារាំងហើយ ដើម្បីជួបជុំប្រពន្ធជាជនជាតិបារាំង និងកូនស្រីជាទីស្រលាញ់ទាំងពីររបស់ខ្លួន។ ភ្លាមៗក្រោយទៅដល់ទឹកដីអឺរ៉ុប រតនា បានទាក់ទងក្លិបមួយនៅទីនោះដើម្បីហ្វឹកហាត់ ហើយបានឈានដល់ការពិភាក្សាលើការងារបង្ហាត់គុនខ្មែ ដែលរូបគេអាចនឹងក្លាយជាគ្រូបង្ហាត់គុនខ្មែរប្រចាំនៅក្លិបនាឆ្នាំ២០២២ ខាងមុខ។

អតីតជើងខ្លាំងគុនខ្មែរដដែលបានបញ្ជាក់ថា ខ្លួនបានទៅដល់បារាំងប្រមាណ ២សប្ដាហ៍មកហើយ ហើយក្លិបហាត់កីឡាសាំប៊ូ និងគុនចម្រុះមួយដែលខ្លួនបានទាក់ទងហ្វឹកហាត់ ហើយអាចឈានដល់ការបង្ហាត់គុនខ្មែរ ក៏នៅមិនឆ្ងាយពីផ្ទះឪពុកម្ដាយក្មេករបស់ខ្លួនដែរ។ រតនា បានសម្ដែងនូវក្ដីរីករាយបន្ទាប់ពីរូបគេបានណែនាំខ្លួន និងជាកីឡាករប្រចាំស្ថាប័ន One Championship ហើយទទួលបានការចាប់អារម្មណ៍ពីក្លិបនៅប្រទេសបារាំងនេះ។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះបន្ដថា ជុំវិញការហ្វឹកហាត់នៅទីនោះខ្លួនមិនទាន់ច្បាស់ទេថា អាចនឹងមានឱកាសចេញប្រកួតនៅតំបន់អឺរ៉ុប ឬយ៉ាងណា ប៉ុន្តែក្រុមគ្រូបង្វឹកនៅទីនោះក៏ជាអ្នកផ្គូផ្គងកីឡាករ-កីឡាការិនីឡើងប្រកួតនៅតាមសង្វៀនផ្សេងៗនៅអឺរ៉ុបដែរ។ ប៉ុន្ដែអ្វីដែលប្រាកដគឺអ្នកលេងគុនខ្មែររូបនេះ អាចនឹងមានការងារធ្វើនៅក្លិបនោះនាឆ្នាំថ្មីខាងមុខក្នុងនាមជាគ្រូបង្ហាត់គុនខ្មែរ។
ចាន់ រតនា និយាយថា នៅទីនោះអត់មានអ្នកបង្ហាត់គុនខ្មែរទេ ហើយមួយថៃក៏អត់ដែរ។ ដូច្នេះខ្លួនបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្លិប ហើយខ្លួនប្រហែលអាចធ្វើជាគ្រូបង្ហាត់គុនខ្មែរនៅទីនោះ ដែលផែនការនេះអាចជាការងារសម្រាប់ឆ្នាំ២០២២ បន្ទាប់ពីរូបគេបានទៅប្រទេសបារាំងដើម្បីជួបជុំគ្រួសាររបស់ខ្លួន។ ដោយឡែកសម្រាប់ឱកាសវិលមកឡើងសង្វៀន ONE Championship ត្រូវបាន ចាន់ រតនា បញ្ជាក់ថា មិនទាន់ច្បាស់ទេ ពីព្រោះគម្រោងការស្នាក់នៅប្រទេសបារាំងយូរកម្រិតណា ឬត្រូវធ្វើអ្វីខ្លះក៏មិនទាន់ប្រាកដដែរ ប៉ុន្តែរូបគេនៅតែមានមហិច្ឆតាឡើងប្រកួតនៅសង្វៀនធំបំផុតរបស់អាស៊ីមួយនេះដដែល៕
អត្ថបទ៖ លី ឈុនឡា