ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា ការទាមទារសន្តិភាពរបស់រុស្ស៊ី និងអ៊ុយក្រែន គឺមានភាព «ផ្ទុយគ្នាទាំងស្រុង» បន្ទាប់ពីការចរចាសន្តិភាពពីរជុំ ពុំបាននាំយកភាគីទាំងពីរឲ្យខិតទៅរកបទឈប់បាញ់ឡើយ។

អ្នកចរចារុស្ស៊ី និងអ៊ុយក្រែន បានផ្លាស់ប្តូរអនុស្សរណៈដែលបង្ហាញពីចក្ខុវិស័យរបស់ខ្លួនសម្រាប់របៀបដើម្បីបញ្ចប់ជម្លោះរយៈពេលបីឆ្នាំនៅឯកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ក្នុងខែនេះ។ ប៉ុន្តែក្រៅពីការដោះដូរឈ្លើយសឹកសង្គ្រាមទ្រង់ទ្រាយធំ កិច្ចចរចាបានបរាជ័យក្នុងការឈានទៅរកវឌ្ឍនភាពនៃការបញ្ចប់ការប្រយុទ្ធគ្នា ដែលបង្កឡើងដោយរុស្ស៊ីបើកការវាយលុកយោធារបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
លោកPutin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Minsk ប្រទេសបេឡារុសថា «ចំពោះអនុស្សរណៈខណៈត្រូវបានរំពឹងទុក គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ អនុស្សរណៈទាំងពីរ ផ្ទុយគ្នាទាំងស្រុង»។ លោកបាននិយាយថា «ហេតុដូច្នេះហើយ បានជាការចរចាត្រូវបានរៀបចំនិងធ្វើឡើង ក្នុងគោលបំណងស្វែងរកច្រកធ្វើឲ្យភាគីទាំងពីរកាន់តែខិតជិតគ្នា»។
លោកPutin បានច្រានចោលការអំពាវនាវដដែលៗសម្រាប់បទឈប់បាញ់បន្ទាន់ និងបានបង្កើនការវាយប្រហារតាមអាកាស ខណៈកងទ័ពរបស់លោកបានរុលទៅមុខនៅទូទាំងសមរភូមិដោយដណ្តើមយកបានដែនដីបន្ថែមទៀតលើសពីតំបន់ចំនួនប្រាំរបស់អ៊ុយក្រែនដែលរុស្ស៊ីអះអាងថាបានដាក់បញ្ចូលឧបសម្ព័ន្ធ។
