ថៃ៖ ក្រុមអាជ្ញាធរសុខាភិបាលថៃបានព្រមានកាលពីថ្ងៃពុធ (២៩ ធ្នូ) ថា ប្រជាពលរដ្ឋគួរតែត្រៀមខ្លួនសម្រាប់ការកើនឡើងខ្ពស់នៃករណីឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីបានចាត់ថ្នាក់ករណីឆ្លងវីរុសបម្លែងខ្លួនថ្មីប្រភេទ Omicron ជាលើកដំបូងរបស់ប្រទេសជាព្រឹត្តិការណ៍ឆ្លងដែលមានមនុស្សច្រើន។

ការឆ្លងជាក្រុមនៃវីរុសបម្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញនៅក្នុងខេត្ត Kalasin ភាគឦសាននៅថ្ងៃបុណ្យណូអែល ជាប់ពាក់ព័ន្ធនឹងប្ដីប្រពន្ធ ២នាក់ដែលបានធ្វើដំណើរមកពីប្រទេសបែលហ្សិក ហើយបានទៅលេងបារ ការប្រគំតន្ត្រី និងទីផ្សារនានា។ មន្ត្រីសុខាភិបាលជាន់ខ្ពស់លោក Opas Karnkawinpong បាននិយាយថា ការចម្លងជាក្រុមបានបន្តឆ្លងដល់មនុស្សរាប់រយនាក់ ដោយករណីទាំងនោះបានរីករាលដាលដល់ខេត្តចំនួន ១១ផ្សេងទៀត ដោយលើកឡើងពីវិធីដែលបារមួយក្នុងចំណោមបារជាច្រើន បានពាក់ព័ន្ធនឹងការចម្លងគ្នាជាក្រុម និងមិនមានខ្យល់ចេញចូលបានល្អគ្រប់គ្រាន់។ លោក Opas បានប្រាប់សារព័ត៌មានថា ក្នុងឱកាសចូលឆ្នាំថ្មីនេះ ប្រសិនបើអ្នកទៅលេងកន្លែងណាហើយមើលទៅមិនមានសុវត្ថិភាពទេសូមកុំទៅ។
ក្រសួងសុខាភិបាលសាធារណៈបាននិយាយកាលពីថ្ងៃពុធថា ការឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron នៅក្នុងប្រទេសថៃកំពុងកើនឡើងដល់ ៧៤០នាក់ក្នុងខេត្តចំនួន ៣៣ ក្នុងនោះមានករណីឆ្លងនាំចូលចំនួន ៤៨៩នាក់។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃមានករណីឆ្លងវីរុស COVID-19 សរុបចំនួន ២,២១៧,២៨៧នាក់បន្ទាប់ពីមានករណីឆ្លងថ្មីចំនួន ២,៥៧៥នាក់បន្ថែមទៀត និងមនុស្សស្លាប់សរុបចំនួន ២១,៦៤៧នាក់បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន ១៧នាក់៕
អត្ថបទ៖ សុខមាន