អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃសុក្រថា ប្រតិបត្តិការផ្តល់ជំនួយដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅហ្កាហ្សាគឺ «គ្មានសុវត្ថិភាពទេ» ដោយផ្តល់ការវាយតម្លៃដោយត្រង់ៗថា «វាកំពុងសម្លាប់មនុស្សយ៉ាងច្រើន»។
អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ចង់ឱ្យអង្គការសហប្រជាជាតិធ្វើការតាមរយៈមូលនិធិមនុស្សធម៌ហ្កាហ្សាថ្មីដ៏ចម្រូងចម្រាស ប៉ុន្តែអង្គការសហប្រជាជាតិបានច្រានចោល ដោយចោទសួរអំពីអព្យាក្រឹតភាពរបស់មូលនិធិនេះ និងចោទប្រកាន់គំរូនៃការចែកចាយជំនួយដោយប្រើយោធា និងបង្ខំឱ្យមានការជម្លៀសប្រជាជន។

លោក Guterres បានប្រាប់អ្នកសារព័ត៌មានថា «ប្រតិបត្តិការណាមួយ បញ្ជូនជនស៊ីវិលដែលអស់សង្ឃឹមចូលទៅក្នុងតំបន់យោធាគឺពុំមានសុវត្ថិភាពទេ។ វាកំពុងសម្លាប់មនុស្សយ៉ាងច្រើន»។ លោក Guterres បាននិយាយថា កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ដឹកនាំដោយអង្គការសហប្រជាជាតិ កំពុងត្រូវបាន «ដាក់គំនាប» ហើយបុគ្គលិកផ្តល់ជំនួយខ្លួនឯងកំពុងស្រេកឃ្លាន។
លោក Guterres បានប្រាប់អ្នកសារព័ត៌មានថា «មនុស្សជាច្រើនត្រូវបានសម្លាប់ដោយគ្រាន់តែព្យាយាមរកអាហារចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ។ ការស្វែងរកអាហារ ពុំត្រូវមានទោសប្រហារជីវិតឡើយ»។
