អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា មនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសនៅទូទាំងតំបន់ហ្កាហ្សាកាលពីថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានវាយប្រហារទៅលើអគារលំនៅឋានមួយកន្លែង និងសាលារៀនដែលផ្តល់ទីជម្រកដល់គ្រួសារភៀសខ្លួននៅខាងក្នុងប្រទេស។

អ្នកស្រុក បានចូលរួមជាមួយអង្គភាពសេវាសង្គ្រោះបន្ទាន់ ដើម្បីជួយយកកម្ទេចកម្ទីថ្មចេញពីអគារលំនៅឋាន។ នៅតំបន់ហ្កាហ្សាភាគខាងជើង ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសាលារៀន Osama Bin Zayed ដែលផ្តល់ទីជម្រកដល់គ្រួសារជនភៀសខ្លួន បានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសច្រើននាក់។ សាក្សីម្នាក់នៅសាលារៀនបាននិយាយថា លោកកំពុងទទួលទានអាហារថ្ងៃត្រង់ជាមួយក្រុមគ្រួសារនៅពេលនោះសាលារៀនត្រូវបានគេទម្លាក់គ្រាប់បែក។
ពុំមានតួលេខផ្លូវការសម្រាប់ការវាយប្រហារចំនួនពីរលើនេះទេ ប៉ុន្តែយ៉ាងហោចណាស់សាកសព៤នាក់ត្រូវបានគេឃើញបន្ទាប់ពីការវាយប្រហារលើសាលារៀន។ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយកាលពីថ្ងៃសុក្រថា មនុស្សយ៉ាងហោចណាស់៧២នាក់បានស្លាប់ និងជាង១៧០នាក់រងរបួសដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។
