ប្រជាជនមួយចំនួននៅក្នុងរដ្ឋធានី Kigali របស់ប្រទេសរ៉្វាន់ដា កាលពីថ្ងៃសុក្រ បានស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសរ៉្វាន់ដា និងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយនិយាយថា វាអាចធ្វើឲ្យពាណិជ្ជកម្មឆ្លងព្រំដែនងើបឡើងវិញ ខណៈដែលត្រូវបានរំខានជាយូរមកហើយ និងអាចធ្វើឱ្យជីវភាពប្រចាំថ្ងៃប្រសើរឡើង។ ពួកគេបាននិយាយថា អសន្តិសុខនៅភាគខាងកើតប្រទេសកុងហ្គោ បានរារាំងប្រជាជនរ៉្វាន់ដា មិនឱ្យធ្វើការ ឬប្រកបអាជីវកម្មឆ្លងកាត់ព្រំដែនបានឡើយ ប៉ុន្តែសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យភាគីទាំងសងខាងធ្វើប្រតិបត្តិការដោយសេរីជាថ្មីម្តងទៀត។

មនុស្សមួយចំនួននិយាយថា ទំនាក់ទំនងដែលប្រសើរឡើងនឹងជួយធ្វើឱ្យមានស្ថិរភាពក្នុងតំបន់ និងស្តារលទ្ធភាពទទួលបានទំនិញដែលខ្វះខាត ឬមានតម្លៃថ្លៃ។ មនុស្សជាច្រើនបានសម្តែងសុទិដ្ឋិនិយមថា សន្តិភាពនឹងមិនត្រឹមតែបន្ធូរបន្ថយភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនសាមញ្ញផងដែរ។ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា អ្នកចរចាកុងហ្គោ បានលុបចោលការទាមទារកាលពីពេលមុនដែលថាកងទ័ពរ៉្វាន់ដា ត្រូវចាកចេញពីភាគខាងកើតកុងហ្គោភ្លាមៗដោយត្រួសត្រាយផ្លូវសម្រាប់ការចុះហត្ថលេខាកាលពីថ្ងៃសុក្រ។ កុងហ្គោ អង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចលោកខាងលិចនិយាយថា ប្រទេសរ៉្វាន់ដា កំពុងគាំទ្រក្រុមឧទ្ទាម M23 តាមរយៈការបញ្ជូនកងទ័ព និងសព្វាអាវុធ។ ប្រទេសរ៉្វាន់ដា បានច្រានចោលជាយូរមកហើយថាបានជួយគាំទ្រដល់ក្រុមឧទ្ទាម M23 ដោយនិយាយថាកងកម្លាំងរបស់ខ្លួនកំពុងធ្វើសកម្មភាពការពារខ្លួនប្រឆាំងនឹងកងទ័ពកុងហ្គោ និងកងជីវពលជនជាតិភាគតិចហ៊ូទូ ដែលជាប់ពាក់ព័ន្ធទៅនឹងអំពើប្រល័យពូជសាសន៍រ៉្វាន់ដាឆ្នាំ១៩៩៤។ ជាមួយគ្នានេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានសាទរចំពោះរដ្ឋមន្ត្រីការបរទេសរ៉្វាន់ដា និងកុងហ្គោ នៅការិយាល័យ Oval Office បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលនឹងបញ្ចប់ជម្លោះរយៈពេល ៣០ ឆ្នាំរវាងប្រទេសទាំងពីរ។
