ទាំងរុស្ស៊ីនិងអ៊ុយក្រែន បានរាយការណ៍ពីការកើនឡើងភាពតានតឹង នៅសមរភូមិ កាលពីថ្ងៃសុក្រ។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ កងកម្លាំងរបស់ខ្លួន បានធ្វើការវាយប្រហារប្រកបដោយភាពជាក់លាក់កម្រិតខ្ពស់ចំនួន ៦លើក ដោយប្រើមីស៊ីល និងយានដ្រូនទៅលើទីតាំងឧស្សាហកម្មការពារជាតិ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងកំពង់ផែ ស្ថានីយរ៉ាដា ឃ្លាំងរំសេវ រោងជាងផលិតយានដ្រូននិងវាលយន្តហោះយោធារបស់អ៊ុយក្រែន។
ក្រសួងបានបន្ថែមថា លើសពីនេះនោះ កងទ័ពរុស្ស៊ី បានគ្រប់គ្រងកន្លែងតាំងទីលំនៅចំនួន ៨កន្លែង នៅក្នុងទិសដៅទីក្រុង Kharkiv និង Donetsk។

នៅថ្ងៃដដែលនោះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍ពីការចូលរួមប្រយុទ្ធចំនួន ១៨៧លើក នៅតាមបណ្តោយជួរមុខ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
នៅក្នុងប្រតិបត្តិការសងសឹក កងកម្លាំងពិសេសអ៊ុយក្រែន សេវាសន្តិសុខ និងអង្គភាពយោធាផ្សេងទៀតបានធ្វើការវាយប្រហារយ៉ាងជាក់លាក់មួយ នៅព្រឹកព្រលឹមថ្ងៃសុក្រលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី ក្នុងតំបន់ Volgograd ។ ការវាយតម្លៃបឋម បានបង្ហាញថា យន្តហោះចំនួន ៤ គ្រឿង ក្នុងនោះមានយន្តហោះចម្បាំង Su-34 ត្រូវបានរងការវាយប្រហារ ដោយការខូចខាតក៏ប៉ះពាល់ដល់កន្លែងថែទាំ និងឃ្លាំងសម្ភារៈផងដែរ។
