ប្រជាជនយេម៉ែនរាប់ពាន់នាក់ កាលពីថ្ងៃសុក្រ បានប្រមូលផ្តុំគ្នានៅទីលានសាធារណៈ នៅទូទាំងខេត្តដែលគ្រប់គ្រងដោយក្រុមហ៊ួទ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះតំបន់ហ្កាហ្សា និងអ៊ីរ៉ង់។ នេះបើយោងតាមទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ួទី។
ការប្រមូលផ្តុំគ្នាទាំងនេះ ត្រូវបានរៀបចំឡើង ក្រោមផ្ទាំងបដា «សរសើរជ័យជម្នះរបស់អ៊ីរ៉ង់...និងបង្ហាញពីភក្តីភាពជាមួយតំបន់ហ្កាហ្សា រហូតដល់ទទួលបានជ័យជម្នះ បន្ទាប់ពីការអំពាវនាវពីមុនដោយក្រុមហ៊ួទីឲ្យ អ្នកគាំទ្ររបស់ខ្លួនចូលរួមក្នុងបាតុកម្ម។

នៅទីលាន Al-Sabeen នៅកណ្តាលទីក្រុង Sanaa ក្រុមបាតុករគាំទ្រក្រុមក្រុមហ៊ួទី បានលើកទង់ជាតិយេម៉ែន និងប៉ាឡេស្ទីន អមជាមួយបដាដែលបង្ហាញពីសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា ខណៈពេលដែលស្រែកបន្ទរពាក្យស្លោកប្រឆាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
ពួកគេបានអបអរសាទរអ៊ីរ៉ង់ចំពោះអ្វីដែលពួកគេបានពិពណ៌នាថា ជា «ជ័យជម្នះដ៏អស្ចារ្យ» នៅក្នុងជម្លោះនាពេលថ្មីៗនេះ ជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ហើយបានសម្តែងការគាំទ្រដល់ «ប្រតិបត្តិការតស៊ូរបស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា»។
ក្រុមហ៊ួទី បានចាប់ផ្តើមយុទ្ធនាការរបស់ពួកគេប្រឆាំងនឹងអ៊ីស្រាអែល ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ រយៈពេល ប៉ុន្មានសប្តាហ៍ បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងគោលបំណង ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។
