ក្រុមអ្នកស្ម័គ្រចិត្ត បាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល ១៣នាក់ បានស្លាប់ និង ២១នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃសុក្រ ដោយសារការបាញ់ផ្លោងដោយកាំភ្លើងធំដោយកងកម្លាំងយោធាប៉ារ៉ា គាំទ្ររហ័ស (RSF) ទៅលើទីក្រុង El Fasher រដ្ឋធានីនៃរដ្ឋ North Darfur នៅភាគខាងលិចប្រទេសស៊ូដង់។
បណ្តាញគ្រូពេទ្យស៊ូដង់ ដែលជាក្រុមស្ម័គ្រចិត្ត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« មនុស្ស ១៣នាក់ ក្នុងនោះមានកុមារ ៣នាក់ ត្រូវបានសម្លាប់ និង ២១នាក់ផ្សេងទៀត បានរងរបួស ដោយសារតែការបាញ់ផ្លោងកាំភ្លើងធំដោយចេតនា ដោយកងកម្លាំង RSF នៅលើទីក្រុង El Fasher កាលពីព្រឹកថ្ងៃសុក្រ»។

ក្រុមនេះ បាននិយាយថា៖«ការបាញ់ផ្លោង និងការឡោមព័ទ្ធយ៉ាងតឹងរ៉ឹងលើទីក្រុងនេះ បានកំណត់គោលដៅដោយផ្ទាល់ទៅលើកុមារ ស្ត្រី និងមនុស្សចាស់រាប់ពាន់នាក់ ក្នុងការប្រឆាំងនឹងការអំពាវនាវអន្តរជាតិទាំងអស់ឲ្យបន្ថយ និងដកការឡោមព័ទ្ធ» ដោយអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំង RSF អនុវត្តបទឈប់បាញ់មនុស្សធម៌។
ទន្ទឹមនឹងនេះដែរ គណៈកម្មាធិការសម្របសម្រួលនៃក្រុមតស៊ូ នៅទីក្រុង El Fasher បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រជាជននៃទីក្រុង El Fasher ភ្ញាក់ពីដំណេក នៅព្រឹកថ្ងៃសុក្រុង ដោយសារសំឡេងនៃការផ្ទុះ និងការបាញ់ផ្លោងកាំភ្លើងធំដោយកងកម្លាំង RSF ដែលបានធ្វើឲ្យអង្រួនសង្កាត់លំនៅឋានមួយចំនួន នៅក្នុងទីក្រុងនេះ»។
