រដ្ឋមន្ត្រីដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធទួរគី លោក Abdulkadir Uraloglu បាននិយាយថា ការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទួរគី និងអ៊ីរ៉ង់ បានដំណើរការឡើងវិញមួយផ្នែក កាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេល ១៥ថ្ងៃ ដោយសារតែជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែល។

លោក Uraloglu បានបញ្ជាក់ថា ជើងហោះហើរពីទីក្រុង Mashhad ភាគខាងកើតរបស់អ៊ីរ៉ង់ ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ( Istanbul) ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ បានដំណើរការឡើងវិញ កាលពីថ្ងៃសុក្រ។
លោកបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«នេះគឺជាការបើកដំណើរការឡើងវិញមួយផ្នែកនៃការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទួរគី និងអ៊ីរ៉ង់ បន្ទាប់ពីបានផ្អាកអស់រយៈពេល ១៥ ថ្ងៃ»។
លោក Uraloglu បានបន្ថែមថា ដែនអាកាសក្នុងទីក្រុងតេអេរ៉ង់ និង Tabriz ដែលមានទីតាំងនៅភាគខាងលិចប្រទេសអ៊ីរ៉ង់ នឹងនៅតែបិទ ហើយការរឹតបន្តឹងនេះ នឹងបន្តរហូតដល់ថ្ងៃពុធ ទី ០១ ខែកក្កដា។
