ប្រធានគណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានហៅការប្តេជ្ញាចិត្តដែលធ្វើឡើងដោយអាជ្ញាធរថ្មី នៅក្នុងប្រទេសស៊ីរី ដើម្បីការពារសិទ្ធិរបស់ជនជាតិភាគតិចថា កំពុងត្រូវបាន«លើកទឹកចិត្ត» ប៉ុន្តែបាននិយាយថា ការវាយប្រហារ បានបន្តទៅលើសមាជិកនៃជនជាតិភាគតិចអាឡាវីត ( Alawite) ក្នុងរយៈពេលជាច្រើនខែ ចាប់តាំងពីការផ្ទុះឡើងនៃអំពើហិង្សាប្រកាន់និកាយដ៏ធំ នៅលើឆ្នេរសមុទ្រនៃប្រទេសស៊ីរី។

លោក Paulo Pinheiro ប្រធានគណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិស្តីពីស៊ីរី បានប្រាប់កិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សUN នៅទីក្រុងហ្សឺណែវថា រដ្ឋាភិបាលស៊ីរីបច្ចុប្បន្ន ដែលដឹកនាំដោយក្រុមអ្នកបះបោរឥស្លាមនិយម ដែលបានបណ្តេញអតីតប្រធានាធិបតីស៊ីរី លោក Bashar Assad ចេញពីអំណាច បានអនុញ្ញាតឲ្យក្រុមរបស់លោក «ចូលទៅកាន់ឆ្នេរដោយគ្មានឧបសគ្គ» និងបានឃើញភ័ស្តុតាង នៃអំពើហិង្សានិងគ្រួសារជនរងគ្រោះ។
លោកបាននិយាយថា៖«ពិតជាគួរឲ្យព្រួយបារម្ភណាស់ របាយការណ៍បន្តផ្សព្វផ្សាយអំពីការសម្លាប់ដែលកំពុងបន្ត និងការចាប់ខ្លួនដោយចេតនានូវសមាជិកនៃសហគមន៍ជនជាតិតិចអាឡាវីត ក៏ដូចជាការរឹបអូសទ្រព្យសម្បត្តិរបស់អ្នកដែលបានភៀសខ្លួនពីអំពើហិង្សា ក្នុងខែមីនានោះដែរ»។
