ចិន៖ មន្ត្រីទីក្រុងប៉េកាំងបានព្រមានកាលពីថ្ងៃពុធថា ចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកោះតៃវ៉ាន់ធ្វើចលនាឆ្ពោះទៅរកឯករាជ្យភាពជាផ្លូវការ ដោយបន្ថែមថា ការបង្កហេតុ និងការជ្រៀតជ្រែកពីខាងក្រៅរបស់កោះតៃវ៉ាន់អាចកាន់តែខ្លាំងនៅឆ្នាំក្រោយ។
រដ្ឋាភិបាលចិនដែលអះអាងសិទ្ធិកាន់កាប់ស្របច្បាស់លើកោះតៃវ៉ាន់ថា ជាដែនដីប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យផ្ទុយស្រឡះពីចិនដីគោក ហើយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះបានបង្កើនសម្ពាធផ្នែកយោធា និងការទូត ដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួន ដោយជំរុញឱ្យមានកំហឹងនៅទីក្រុងតៃប៉ិ និងការព្រួយបារម្ភនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសចិនមានឆន្ទៈព្យាយាមអស់ពីសមត្ថភាព ដើម្បីស្វែងរកការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ ប៉ុន្តែនឹងធ្វើសកម្មភាព ប្រសិនបើខ្សែបន្ទាត់ក្រហមណាមួយស្តីពីឯករាជ្យភាពត្រូវបានឆ្លងដើររំលងនោះ។
លោក Ma បាននិយាយថា ប្រសិនបើកងកម្លាំងបំបែកខ្លួននៅកោះតៃវ៉ាន់ស្វែងរកឯករាជ្យភាពបង្កហេតុបញ្ចេញកម្លាំង ឬសូម្បីតែបំបែកខ្សែបន្ទាត់ក្រហមណាមួយ យើងនឹងត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធ ក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់បានជំរុញទីក្រុងប៉េកាំង ឱ្យឆ្លុះបញ្ចាំងយ៉ាងម៉ត់ចត់លើការងាររបស់ខ្លួនចំពោះតៃវ៉ាន់ និងធ្វើការវិនិច្ឆ័យឲ្យបានត្រឹមត្រូវលើស្ថានភាព។ ក្រុមប្រឹក្សាបានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួន ឱ្យមានការសន្ទនាដោយឈរលើមូលដ្ឋានស្មើគ្នា ហើយបាននិយាយថា ខ្លួនបានរក្សាគោលនយោបាយ "មិនបង្កហេតុ" ដើម្បីការពារសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់៕
អត្ថបទ៖ សុខមាន