កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមនគរបាលស៊ែរប៊ី បានប៉ះទង្គិចគ្នាជាមួយហ្វូងបាតុករប្រឆាំងរដ្ឋាភិបាល ដែលទាមទារឲ្យមានការបោះឆ្នោតមុនកាលកំណត់ ក៏ដូចជាបញ្ចប់ការកាន់អំណាចរយៈពេល ១២ឆ្នាំរបស់លោកប្រធានាធិបតី Aleksandar Vucic ។
នគរបាលបានដាក់ពង្រាយមន្រ្តីរបស់ខ្លួនយ៉ាងច្រើន បំពាក់ដោយឧបករណ៍ប្រឆាំងកុបកម្មនៅជុំវិញអគាររដ្ឋាភិបាល សភា និងសួនកម្សាន្ត Pionirski ជាទីដែលក្រុមគាំទ្រលោក Vucic មកពីទូទាំងប្រទេស បានជួបជុំគ្នា ដើម្បីតវ៉ាប្រឆាំងវិញ ។

ក្រោយបាតុកម្មបញ្ចប់នៅវេលាម៉ោង ១០យប់ ម៉ោងក្នុងស្រុកថ្ងៃសៅរ៍ ក្រុមបាតុករមួយចំនួនដែលចង់តតាំងជាមួយក្រុមគាំទ្រលោក Vucic បានគប់អណ្តាតភ្លើងលើក្រុមនគរបាល ជាទីដែលក្រុមនគរបាល បានបាញ់ទឹកម្រេច ដើម្បីបំបែកពួកគេ ។
ក្រុមបាតុករនាំគ្នាស្រែកពាក្យ “ដាក់ខែលចុះ” ដោយពួកគេអំពាវនាវឲ្យនគរបាលបញ្ឈប់ការធ្វើអន្តរាគមន៍ ។
បាតុកម្មអស់រយៈពេលជាច្រើនខែនៅទូទាំងប្រទេស៊ែរប៊ី រួមទាំងការបិទសាកលវិទ្យាល័យ បានធ្វើឲ្យលោក Vucic មានការព្រួយបារម្ភយ៉ាងខ្លាំង គឺជាអ្នកប្រជានិយមដែលអាណត្តិទី ២របស់លោកនឹងបញ្ចប់នៅឆ្នាំ ២០២៧ ពេលដែលការបោះឆ្នោតសភា ត្រូវបានកំណត់ធ្វើឡើង ។
ក្រុមប្រឆាំងលោក Vucic បានចោទប្រកាន់លោក និងសម្ព័ន្ធមិត្តរបស់លោកថា បានរៀបចំឧក្រិដ្ឋកម្ម អំពើហិង្សាប្រឆាំងគូប្រជែងរបស់ខ្លួន និងទប់ស្កាត់សេរីភាពសារព័ត៌មាន គឺជាអ្វីមួយដែលពួកគេប្រកែក ៕
