យោងតាមការអះអាងរបស់ក្រុមមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏គំហុកនៅទូទាំងប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្ស ៣២នាក់ ចាប់តាំងពីរដូវវស្សាចាប់ផ្តើមនៅដើមសប្តាហ៍នេះ ។
អាជ្ញាធរគ្រប់គ្រងគ្រោះហន្តរាយខេត្ត Khyber Pakhtunkhwa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ទឹកជំនន់ដ៏គំហុក និងការបាក់ដំបូលផ្ទះក្នុងរយៈពេលជាង ៣៦ម៉ោងកន្លងមកនេះ បានឆក់យកអាយុជីវិតមនុស្ស ១៦នាក់ ក្នុងនោះ ៨នាក់ គឺជាកុមារ ។ ក្មេង ៨នាក់នេះ បានស្លាប់ អំឡុងពេលភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យបាក់ដំបូលផ្ទះរបស់ពួកគេ ។

អាជ្ញាធរគ្រោះមហន្តរាយ និយាយទៀតថា ទឹកជំនន់នៅខេត្ត Khyber Pakhtunkhwa បណ្តាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋ ៥៦ខ្នង រងកាខូចខាត ក្នុងនោះ ផ្ទះ ៦ខ្នង ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ។
ចំនួនមនុស្សស្លាប់សរុប ១៣នាក់ ត្រូវបានរាយការណ៍ផងដែរនៅតំបន់ជ្រលងភ្នំ Swat ។
ដោយឡែក អាជ្ញាធរគ្រប់គ្រងគ្រោះហន្តរាយខេត្ត Punjab និយាយថា មនុស្សយ៉ាងហោច ១៣នាក់ បានស្លាប់ នៅខេត្តភាគខាងកើតមួយនេះ ចាប់តាំងពីថ្ងៃពុធរហូតមក ៕
