ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារខេត្តភាគនិរតី Guizhou ប្រទេសចិនម្តងទៀតកាលពីថ្ងៃសៅរ៍ បណ្តាលជន់លិចទីក្រុងជាប់មាត់ទន្លេ Rongjiangជាលើកទី ២ ក្នុងសប្តាហ៍នេះ ហើយនិងបង្ខំឲ្យមានការជម្លៀសអ្នកស្រុកចេញទៅកាន់ទីទួលសុវត្ថិភាព ។
ទូរទស្សន៍រដ្ឋ CCTV រាយការណ៍ថា អ្នកស្រុកជាង ៤ម៉ឺននាក់ នៅទីក្រុង Rongjiang ត្រូវបានជម្លៀសចេញបន្ទាន់ មកទល់នឹងវេលាម៉ោង ៦ល្ងាច ម៉ោងក្នុងស្រុកថ្ងៃសៅរ៍ ។

ស្ថិតនៅចំណុចប្រសព្វនៃទន្លេចំនួន ៣ និងមានពលរដ្ឋរស់នៅ ៣០ម៉ឺននាក់ ទីក្រុង Rongjiang បានរងការជន់លិចនៅដើមសប្តាហ៍នេះ ដោយសារភ្លៀងធ្លាក់ខ្លាំងជាលើកទី ២ ដែលបណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ និងបង្ខំឲ្យមនុស្ស ៨ម៉ឺននាក់ ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ។
បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងរយៈពេល ៧២ម៉ោងកន្លងមនេះ ស្មើនឹងទ្វេដងនៃចំនួនទឹកភ្លៀងជាមធ្យមនៅទីក្រុង Rongjiang ប្រចាំខែមិថុនា ។
ជាការឆ្លើយតបនឹងជុំថ្មីនៃទឹកជំនន់នេះដែរ ក្រុមអាជ្ញាធរ បានបង្កើនកម្រិតឆ្លើយតបគ្រាអាសន្នទឹកជំនន់របស់ទីក្រុង ដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃសៅរ៍ ៕
