ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើការច្រានចោលសេចក្តីរាយការណ៍របស់សារព័ត៌មានកាលពីថ្ងៃសុក្រដែលនិយាយថា រដ្ឋបាលរបស់លោកបានពិភាក្សាលើលទ្ធភាពជួយអ៊ីរ៉ង់បង្កើតកម្មវិធីនុយក្លេអ៊ែរផលិតថាមពលស៊ីវិលតម្លៃ ៣០ពាន់លានដុល្លារ ។
CNN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ហើយ NBC News រាយការណ៍កាលពីថ្ងៃសុក្រថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រដ្ឋបាលរបស់លោក Trump ព្យាយាមស្វែងរកលទ្ធភាពលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចដល់អ៊ីរ៉ង់ ជាការដោះដូរនឹងការបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ពួកគេ ។ សេចក្តីរាយការណ៍ទាំងនេះបានលើកពីប្រភពជាច្រើន ។ CNN បានលើកសម្តីក្រុមមន្រ្តីថា សំណើជាច្រើនត្រូវបានដាក់ ហើយស្ថិតក្នុងដំណាក់កាលបឋម ។

លោក Trumpបានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Truth Social ថា អ្នកនៅក្នុងសារព័ត៌មានសង្គមក្លែងក្លាយ គឺជា SleazeBag និយាយថា លោកប្រធានាធិបតី Trump ចង់ផ្តល់ឲ្យអ៊ីរ៉ង់ ៣០ពាន់លានដុល្លារ ដើម្បីបង្កើតទីតាំងនុយក្លេអ៊ែរមិនមែនយោធា។ មិនដែលឮទេគំនិតដ៏គួរឲ្យអស់សំណើចមួយនេះ ដោយលោកបានចាត់ទុកសេចក្តីរាយការណ៍នេះថាជាការ “បោកប្រាស់” ។
ចាប់តាំងពីខែមេសារហូតមក អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកមាននូវជំនួបដោយប្រយោល មានគោលបំណងស្វែងរកដំណោះស្រាយការទូតថ្មី ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ។ អ៊ីរ៉ង់និយាយថា កម្មវិធីរបស់ខ្លួនសន្តិភាព ហើយទីក្រុងវ៉ាស៊ីនតោន និយាយថា ពួកគេចង់ធានាថា អ៊ីរ៉ង់មិនអាចផលិតអាវុធនុយក្លេអ៊ែរបានឡើយ ។
នៅដើមសប្តាហ៍នេះ លោក Trumpបានប្រកាសបទឈប់បាញ់រវាងអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ឈប់សង្រ្គាមដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៣ ខែមិថុនា ពេលដែលអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ ។
ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ធ្វើឲ្យមានអាសន្ននៅក្នុងតំបន់ដែលតានតឹងរួចទៅហើយ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំ ២០២៣ ៕
