ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា មនុស្សយ៉ាងហោច ៨១នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ៤០០នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។
បុគ្គលិកមន្ទីរពេទ្យ Al-Shifa និងក្រុមសាក្សី និយាយប្រាប់ទីភ្នាក់ងារព័ត៌មានថា នៅក្នុងឧបទ្ទេវហេតុមួយ មនុស្សយ៉ាងហោច ១១នាក់ រួមទាំងកុមារដែរនោះ ត្រូវបានសម្លាប់ ក្រោយការវាយប្រហារនៅជិតពហុកីឡដ្ឋាន ស្ថិតក្នុងទីក្រុងហ្កាហ្សា ។ ពហុកីឡដ្ឋាននេះ ត្រូវបានប្រើប្រាស់ជាកន្លែងស្នាក់នៅសម្រាប់មនុស្សជម្លៀសខ្លួន ដោយពួកគេរស់នៅក្នុងសំពត់តង់ ។

រូបភាពវីដេអូឃ្លីបដែលត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ដោយ BBC ឃើញមនុស្សកាយដីខ្សាច់ដោយដៃទទេរ និងប៉ែល ដើម្បីស្វែងរកសាកសព ។
ខណៈពេលនោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកសង្ឃឹមថា បទឈប់បាញ់អាចនឹងព្រមព្រៀងនៅសប្តាហ៍ក្រោយ ។
ក្រុមសម្របសម្រួលកាតា និយាយថា ពួកគេសង្ឃឹមថា សហរដ្ឋអាមេរិកអាចសម្រេចបានកិច្ចព្រមព្រៀងមួយ បន្ទាប់ពីមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានបញ្ចប់ជម្លោះរយៈពេល ១២ថ្ងៃរវាងប្រទេសបច្ចាមិត្តទាំង ២ ។
កាលពីខែមីនាកន្លងទៅ បទឈប់បាញ់រយៈពេល ២ខែ បានដួលរលំ ពេលដែលអ៊ីស្រាអែលបើកការវាយប្រហារថ្មីលើតំបន់ហ្កាហ្សា ។
កិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៩ ខែមករា បង្កើតឲ្យមាន ៣ដំណាក់កាល ប៉ុន្តែវាពុំអាចឆ្លងផុតដំណាក់កាលដំបូងបាននោះទេ ៕
